• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

អេមរុរ៉ាយស៍ និងការទទួលបានហិរញ្ញប្បទានអភិវឌ្ឍវិស័យកសិកម្ម

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានទូតអាមេរិកនៅកម្ពុជា សម្រាប់ចូលរួមនៅក្នុង វេទិកាធុរកិច្ចសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរៀបចំឡើងនៅថ្ងៃទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០២១នេះ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ បានលើកឡើងអំពីបទពិសោធន៍របស់ ក្រុមហ៊ុនអេមរុរ៉ាយស៍ ទៅលើការទទួលបានហិរញ្ញប្បទានអាជីវកម្មសម្រាប់រោងចក្រកិនកែច្នៃស្រូវនៅខេត្តបាត់ដំបង ពោលគឺ ប្រព័ន្ធស្តុកស្រូវ អង្ករ(Silo) ដែលជាស្តង់ដារបច្ចេកវិទ្យារបស់អាមេរិក និងអាចមានលទ្ធភាពស្តុកស្រូវបានម្តងចំនួន៣០០០តោន។

សម្រង់បទសម្ភាសន៍របស់ លោក សុង សារ៉ន ៖ “អាជីវកម្មចម្បងរបស់យើងខ្ញុំគឺវិស័យកសិកម្ម គ្រាប់ធញ្ញជាតិ គឺសំដៅទៅលើស្រូវអង្ករដែលជាអាទិភាពសំខាន់។ ខាងខ្ញុំបានជ្រើសយកធនាគារនាំចេញនាំចូល (Ex-Im Bank) របស់សហរដ្ឋអាមេរិក ដែលជាស្ថាប័នហិរញ្ញប្បទានដៃគូរបស់ក្រុមហ៊ុនសម្រាប់វិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំបានចូលរួមកម្មវិធី Indo-Pacific Business Forum នេះតាំងពីឆ្នាំ២០១៩។ ខ្ញុំបានទទួលបទពិសោធន៍ដោយសារតែយើងមានលទ្ធភាពទំនាក់ទំនង យើងបានយល់អំពីគោលនយោបាយ អំពីការផ្តល់ហិរញ្ញប្បទាន ហើយនិងដៃគូពាណិជ្ជកម្មអន្តរជាតិ មិនត្រឹមតែនៅក្នុងតំបន់ទេ តែគឺអន្តរជាតិ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះតែម្តង ដូច្នេះវាជាឱកាសមួយដើម្បីយើងពង្រឹងខ្លួនរបស់យើងឱ្យមានភាពប្រកួតប្រជែងនាពេលអនាគត។ ខ្ញុំសូមជូនដំបូន្មានដល់បងប្អូនដែលជាសហគ្រិនកម្ពុជា ដែលមានចំណាប់អារម្មណ៍ចង់ពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន អាចធ្វើការទំនាក់ទំនងជាមួយ Ex-Im Bank របស់សហរដ្ឋអាមេរិក ដើម្បីមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ នាំមកនូវភាពរីកចម្រើនសម្រាប់អាជីវកម្មរបស់ខ្លួន ជាពិសេស គឺជួយជំរុញដល់ការនាំចេញតែម្តង។”

គួរបញ្ជាក់ផងដែរថា កាលពី ខែមករា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក W. Patric Murphy បានអញ្ជើញទស្សនកិច្ចនៅឯរោងចក្រអេមរុរ៉ាយស៍ ខេត្តបាត់ដំបង និងបានថ្លែងកោតសរសើរដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាក្រុមហ៊ុនដំបូងគេនៅក្នុងវិស័យកសិកម្មកម្ពុជា ដែលទទួលបាននូវហិរញ្ញប្បទាន ពីធនាគារនាំជេញ នាំចូលរបស់សហរដ្ឋអាមេរិកនេះ។

យើងពិតជាមានមោទនភាពចំពោះក្រុមហ៊ុនអេមរុរ៉ាយស៍ ដោយអេមរុគឺជាក្រុមហ៊ុនដំបូងគេក្នុងវិស័យកសិកម្ម ដែលមានលទ្ធភាពក្នុងការទទួលបានកម្ចីពីធនាគារនាំចេញ នាំចូលរបស់សហរដ្ឋអាមេរិក។ អេមរុគឺជាគំរូមួយ។ សង្ឃឹមថា ក្រុមហ៊ុនផ្សេងទៀតនឹងអាចមានលទ្ធភាពចាប់យកដូចគ្នាដែរ។

ប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក W. Patric Murphy កំឡុងពេលអញ្ជើញទស្សនកិច្ចនៅឯរោងចក្រអេមរុរ៉ាយស៍ ខេត្តបាត់ដំបង កាលពីខែមករា ឆ្នាំ២០២១

ចុចទីនេះដើម្បីទស្សនាវីដេអូកិច្ចសម្ភាសន៍៖ https://web.facebook.com/us.embassy.phnom.penh/videos/1283968455349720/

kmKH
en_USEN kmKH