• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

សន្និសីទ “សក្តានុពលអាស៊ីអាគ្នេយ៍៖ ការឆ្ពោះទៅនវានុវត្តន៍ និងសហគ្រិនភាពក្នុងអាស៊ាន”

ក្នុងនាមក្រុមហ៊ុន អេមរុរ៉ាយស៍ យើងពិតជាមានសេចក្តីរីករាយណាស់ ដែលកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ វេទិកាសន្និសីទជជែកពិភាក្សាតាមរយៈប្រធានបទ “សក្តានុពលនៃអាស៊ីអាគ្នេយ៍៖ ការឆ្ពោះទៅនវានុវត្តន៍ និងសហគ្រិនភាពក្នុងអាស៊ាន” បានរៀបចំឡើងដោយជោគជ័យ ដោយ The Young SEAkers Cambodia Chpater និងជាពិសេសគឺមានវត្តមាន លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ខេមបូឌា ចូលរួមជាវាគ្មិនមួយរូបនៅក្នុងកម្មវិធីនេះផងដែរ។

“ដើម្បីក្លាយជាសហគ្រិន យើងត្រូវនិយាយអំពីគុណតម្លៃ និងចក្ខុវិស័យ។ យើងមិនអាចមើលតែត្រឹមរយៈពេលខ្លីទេ។ យើងសម្លឹងមើលទៅក្នុងរយៈពេលវែង និងប្រកបដោយនិរន្តរភាព។ យើងហ៊ានទទួលយកហានិភ័យ តែយើងក៏មិនភ្លេចចាប់យកឱកាសផងដែរ។ នោះហើយជាហេតុផលដែលសង្គមជាតិត្រូវការនវានុវត្តន៍។ នវានុវត្ត៍មិនមែនផ្តោតទៅទៅលើ ការបង្កើតថ្មីតែមួយនោះទេទេ។ វាគួរជាការ និយាយអំពីរបៀបដែលយើងផ្សារភ្ជាប់ ឬប្រមូលផ្តុំនូវធាតុចូលដែលពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ី។” នេះជាប្រសាសន៍របស់ លោក សុង សារ៉ន ឆ្លើយបទៅនឹងទៅថាតើ អ្វីទៅជានវានុវត្តន៍ ហើយនិយាយដោយខ្លួន នវានុវត្តសម្រាប់លោកគឺ ការច្នៃប្រឌិត ការផ្សារភ្ជាប់គ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ី និងបច្ចេកវិទ្យា។

ជាមួយគ្នានេះផងដែរ លោក ក៏បានចូលរួមផ្តល់នូវទស្សនៈទៅលើ ទំនាក់ទំនងរវាងនវានុវត្តន៍ និសហគ្រិនភាព ជាមួយនឹងការរីកចម្រើនប្របដោយនិរន្តរភាព ដែលលោកបានសង្កត់ធ្ងន់ទៅលើ យុវជន ដែលជាតួអង្គយ៉ាងសំខាន់នៅក្នុងអនាគតភាពនៃសហគ្រិន ដោយយុវជនខ្លួនឯង ត្រូវតែមានការស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយអំពីគោលនយោបាយ ខណៈដែលជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់បង្កើតនូវបរិយាប័ន្នធុរកិច្ច និងលើកកម្ពស់ឌីជីថល តាមរយៈការបង្កើតនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងគោលនយោបាយសង្គម ឆ្នាំ២០២១-២០៣៥ ដែលនេះ លោកមើលឃើញថា ជាឱកាសមួយដែលសហគ្រិនគួរសិក្សាបានឱ្យបានច្បាស់អំពីកាលានុវត្តភាពនានា ហើយសម្របខ្លួន និងអភិវឌ្ឍសមត្ថភាព ឬកែសម្រួលនូវគំរូការធ្វើពាណិជ្ជកម្មរបស់ខ្លួន ឱ្យស្របទៅតាមសង្គម និងជាពិសេសគឺបរិបទកូវីដ១៩នេះ។

លោកមានប្រសាសន៍ថា “កូវីដ ១៩ មិនអាចបញ្ឈប់យើងបានទេ។ សហគ្រិនត្រូវស្វែងយល់ពីគោលនយោបាយ ហើយចាប់យកឱកាសដើម្បីឆ្ពោះទៅមុខជាមួយអាជីវកម្ម។ រដ្ឋាភិបាលក៏បានផ្តោតសំខាន់លើផ្នែកនវានុវត្តន៍នេះផងដែរ។ ជាមួយនឹងផែនទីឌីជីថល (digital roadmap) សហគ្រិនត្រូវតែដឹងអំពីរឿងនេះ ហើយកុំភ្លេចអភិវឌ្ឍខ្លួន និងត្រៀមខ្លួន។ អ្នកអាចកែសម្រួលអាជីវកម្មឡើងវិញ ឬបង្កើតឱកាសដើម្បីជោគជ័យ។ សហគ្រិនក៏ត្រូវមើលលើប្រព័ន្ធអេកូឡូស៊ី ដែលរួមបញ្ចូលទាំង រដ្ឋាភិបាល ស្ថាប័ន អង្គការអភិវឌ្ឍ ក្រុមហ៊ុន និងអតិថិជនផងដែរ។ នេះគឺជាឱកាសល្អសម្រាប់ជោគជ័យ។ យើងគួរសម្លឹងមើលឱកាសជាមួយនឹងប្រជាជនជាង ៦៦០ លាននាក់នៅអាស៊ាន មិនមែនមើលត្រឹមតែ ១៦ លាននាក់នៅកម្ពុជាទេ។”

ជាចុងបញ្ចប់ លោក សុង សារ៉ន ក៏បានលើកឡើងអំពីឱកាសក្នុងការធ្វើពាណិជ្ជកម្មឌីជីថល ដោយផ្តោតលើវិស័យកសិកម្ម ដោយហេតុថា វិស័យមួយនេះ ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយក៏ជាវិស័យដែលរងការប៉ះពាល់តិចបំផុត ពីកូវីដ១៩។

គួរបញ្ជាក់ផងដែរថា នវានុវត្តន៍និងសហគ្រិនភាព គឺជាកត្តាដ៏ចម្បង សម្រាប់ការអភិវឌ្ឍប្រទេស និងក្នុងតំបន់។ គ្មាននរណាម្នាក់ មិនផ្តោតការយកចិត្តទុកដាក់លើតួនាទីដែលកត្តាទាំងពីរនេះ ដើរតួក្នុងការផ្តល់និងកែលម្អការផ្លាស់ប្តូរសង្គមនិងឌីជីថលនោះទេ។ នៅក្នុងអាស៊ាន វិស័យនេះដើរតួយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍក្នុងតំបន់ និងកំណើនសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ការផ្សារភ្ជាប់រវាងមនុស្សនិងការអភិវឌ្ឍរបស់យុវជន។ វាត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា យុវជនអាស៊ានកំពុងចាប់ផ្តើមចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតនូវនវានុវត្តន៍សង្គម និងការបង្កើតជំនាញសហគ្រិនភាពដោយខ្លួនឯង មិនត្រឹមតែសម្រាប់ការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសង្គមទៀតផង។ ក្នុងន័យនេះ អាស៊ានប្រកបដោយនវានុវត្ន៍តនិងសហគ្រិនភាព គួរតែជាប្រធានបទដែលមានការផ្តោតអារម្មណ៍ខ្ពស់ សម្រាប់តំបន់អាស៊ាន ដែលជាតំបន់មានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ដូច្នេះ សិក្ខាសាលាតាមអនឡាញនេះ បានផ្សារភ្ជាប់នូវអ្នកជំនាញដែលមានបទពិសោធន៍ និងទស្សនវិស័យទៅលើប្រធានបទ នវានុវត្តន៍ និងសហគ្រិនភាព ដើម្បីជជែកពិភាក្សា និងចែករំលែកនូវគំនិតយោបល់នានា ផ្អែកតាមបរិបទជាក់ស្តែង ជាពិសេសនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩នេះ។

kmKH
en_USEN kmKH