• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

អេមរុរ៉ាយស៍ និងគំរូធុរកិច្ច ដើម្បីអភិវឌ្ឍ និងផ្តល់ប្រយោជន៍ដល់សហគមន៍កសិកម្មនៅកម្ពុជា

កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ បានចូលរួមធ្វើជាវាគ្មិនមួយរូប នៅក្នុងកម្មវិធីសិក្ខាសាលាអនឡាញ ស្តីពីសហគមន៍កសិកម្មនៅកម្ពុជា ផ្តោតលើការអភិវឌ្ឍ និងអត្ថប្រយោជន៍ ដែលសហគមន៍ទទួលបាន ដែលសហការរៀបចំដោយ សាកលវិទ្យាល័យជាតិបាត់ដំបង និង សាកលវិទ្យាល័យ Vigo របស់អេស្ប៉ាញ។

បទបង្ហាញរបស់លោក សុង សារ៉ន បានផ្តោតសំខាន់ទៅលើគំរូអាជីវកម្មរបស់អេមរុរ៉ាយស៍ បែប 4Ps (រដ្ឋ-ឯកជន-អ្នកផលិត-ភាពជាដៃគូ) ដោយគំរូអាជីវកម្មនេះត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៤ ដោយមាននូវការសហការលើកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្មចំនួន ៨ នៅខេត្តព្រះវិហារដែលមានកសិករ ២០០នាក់ចូលរួមក្នុងផលិតកម្មស្រូវសរីរាង្គ។ អេមរុក៏ជួយសម្រួលធានាដល់ទីផ្សារ សម្រាប់កសិករខ្នាតតូចដែលពឹងផ្អែកលើការផ្តល់តម្លៃសមរម្យមួយដែលខ្ពស់ជាងការផ្តល់ជូនរបស់ឈ្មួញឬអ្នកទិញក្នុងស្រុក ដោយតម្លៃបន្ថែមលើផលិតផលនោះ លុះត្រាណាបើផលិតផលរបស់ពួកគេត្រូវនឹងស្តង់ដារសរីរាង្គ និងមានការបញ្ជាក់វិញ្ញាបនប័ត្រសរីរាង្គនៃផលិតផលរបស់ពួកគេ ដោយស្របទៅតាមស្តង់ដារសរីរាង្គអឺរ៉ុប និង USDA ដែលជារួម កសិករត្រូវបានបណ្តុះបណ្តាល និងអនុវត្ត រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៃការអនុលោមរបស់ពួកគេផងដែរ។ នៅឆ្នាំ ២០១៥ សកម្មភាពការងារនេះបានឡើងដល់ សហការជាមួយនឹង ១៣ សហគមន៍ ដែលមានគ្រួសារចំនួន ២០០០ គ្រួសារ ផ្គត់ផ្គង់អង្ករសរីរាង្គចំនួន ៥.០០០ តោនដោយផ្អែកលើកិច្ចសន្យាកសិកម្ម។ នៅឆ្នាំ ២០១៦ កម្មវិធីនេះបានកើនឡើងដល់ ១៨ សហគមន៍ ស្មើនឹងកសិករ ៤.០០០ នាក់ លើផលិតកម្ម ១១,០០០ តោន។ នៅឆ្នាំ ២០២០ គំរូធ្វើកសិកម្មតាមកិច្ចសន្យារបស់អេមរុធ្វើការជាមួយសហគមន៍ចំនួន ៨២ ស្មើនឹងកសិករចំនួន ៨០០០ នាក់។

គំរូអាជីវកម្មកសិកម្មតាមកិច្ចសន្យានៅក្នុងប្រទេសកម្ពុជាត្រូវបានផ្សារភ្ជាប់ភាគច្រើនជាមួយកសិករខ្នាតតូចដែលក្នុងនោះ លោកសុងសារ៉នបានបញ្ជាក់ថា គំរូ 4Ps នេះ បានជួយពួកគេតាមវិធីជាច្រើន ដោយមានការគាំទ្រពីពហុវិស័យ ដែលមានដូចជាសកម្មភាពខាងក្រោមៈ

  • បន្ថែមតម្លៃដោយផ្ទាល់ ជាង ១,៣ លានដុល្លារក្នុងមួយឆ្នាំដល់អ្នកផលិត (កសិករ) ចាប់តាំងពីឆ្នាំ ២០១៨ ។ អេមរុរ៉ាយស៍បានផ្តល់តម្លៃជាមធ្យមដល់កសិករចំនួន ៣៤០ ដុល្លារក្នុងមួយតោនសម្រាប់ស្រូវសរីរាង្គ ឬមានន័យថា តម្លៃនេះខ្ពស់ជាង ១៤០ ដុល្លារ /តោន ដែលផ្តល់ដោយឈ្មួញដែលចាំទិញនៅវាលស្រែ។
  • សហគមន៍ ត្រូវបានផ្សារភ្ជាប់ទៅនឹងកម្មវិធីផ្តល់ជំនួយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទៅលើការជួយទិញស្រូវពីកសិករ។
  • កសិករនិងសហគមន៍ ទទួលបានជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព និងទទួលបានការការបណ្តុះបណ្តាល អំពីស្តង់ដារគុណភាព និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។
  • អេមរុ បាននាំយកនូវកម្មវិធី BlocChain តាមរយៈ BlocRice សម្រាប់តាមដានប្រតិបត្តិការរបស់កសិករជាមួយអេមរុ និងក្រុមហ៊ុននាំចូល SanoRice ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទូរស័ព្ទឌីជីថល ឬ Android ដែលឥឡូវនេះមានកសិករ ២០០ នាក់ កំពុងប្រើប្រាស់។
  • អេមរុបានសហការណ៍ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរ គឺ AMK និង Chamrouen ដើម្បីជួយសម្រួលដល់ការបង្កើតប្រាក់កម្ចីជូនកសិករ ពេលប្រមូលផល ជាពិសេសផ្អែកលើកិច្ចព្រមព្រៀងកិច្ចសន្យារបស់អ្នកផលិត ដែលអាចមានលទ្ធភាពទទួលបានកម្ចី ដល់ជិតកន្លះលានដុល្លារ។
  • អេមរុ បានឈានទៅមុខ ឆ្ពោះទៅរកវេទិកាស្រូវអង្ករប្រកបដោយនិរន្តរភាពនៅកម្ពុជាដោយទាញភ្ជាប់ឱ្យមានការចូលរួមគាំទ្រពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីគាំទ្រដល់ផលិតកម្មស្រូវសែនក្រអូព តាមរយៈគំរូនៃកសិកម្មតាមកិច្ចសន្យា ជាមួយសហគមន៍ចំនួន ២៣ ។
  • តាមរយៈការធ្វើកសិកម្មស្រូវអង្ករសរីរាង្គដោយប្រើស្តង់ដារផលិតផលសកល និងវិញ្ញាបនប័ត្រ អេមរុ បានពង្រីកបន្ថែមនូវកិច្ចសន្យាថ្មី នៅខេត្តមណ្ឌលគិរីតាមរយៈគំរោង RiceTech ជាមួយរដ្ឋាភិបាលហូឡង់ ដោយមានសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាមួយចំនួនចាប់ផ្តើមចាប់យកនូវគំរូអាជីវកម្មនេះ ហើយអេមរុផ្ទាល់ក៏បានពង្រីកអាជីវកម្មរបស់បន្ថែម គឺដំឡូងមីនិងស្វាយចន្ទីផងដែរ។

មុននឹងបញ្ចប់ការធ្វើបទបង្ហាញ លោក សុង សារ៉ន ក៏មិនភ្លេចបន្ថែមចុងក្រោយនូវទស្សនវិស័យឆ្ពោះទៅមុខនៃគំរូពាណិជ្ជកម្ម 4Ps ជាមួយនឹងវិស័យនានា ដោយនឹងពង្រីកបន្ថែម និងអភិវឌ្ឍគំរូ 4Ps នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ដោយហេតុថា កសិករខ្នាតតូច ត្រូវការជាចាំបាច់នូវបុរេកម្ចី/ហិរញ្ញវត្ថុ ការទទួលបានគ្រាប់ពូជស្រូវដែលធន់ទ្រាំនឹងអាកាសធាតុ និងធាតុចូលកសិកម្មផ្សេងៗ ក៏ដូចជាបច្ចេកវិទ្យា និងដើមទុនវិនិយោគកាន់តែមានប្រសិទ្ធភាព។

kmKH
en_USEN kmKH