• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

អេមរុរ៉ាយស៍ ចូលរួមផ្តល់បទបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីផលប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យាលើដំណាំស្រូវ

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ ខេមបូឌា បានចូលរួមផ្តល់បទបង្ហាញតាមរយៈអនឡាញ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីផលប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យាលើដំណាំស្រូវ ដែលរៀបចំឡើងដោយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ CDRI អង្គការ AFD ក្រោមការគាំទ្រឧបត្ថម្ភដោយស្ថានទូតស៊ុយអែត អង្គការ Diakonia, HEKS/EPER និង Oxfam ។

គោលបំណងរួមនៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺ៖ ១. ផ្សព្វផ្សាយពីរបាយការណ៍ស្តីពីផលប្រយោជន៍នៃផលិតកម្មកសិកម្មតាមកិច្ចសន្យាលើដំណាំស្រូវ ២. ចែករំលែកបទពិសោធន៍នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាលើដំណាំស្រូវ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសិក្ខាសាលាតាមរយៈអនឡាញនេះ លោក កាន់ គន្ធី បានផ្តល់ជូននូវបទបង្ហាញគន្លឹះ រយៈពេល១០នាទី ជូនដល់អង្គសិក្ខាសាលា ដែលជាដំបូងលោកបានសង្ខេបជូនអំពីសាវតាររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ២០១១ ហើយលោកក៏បានរំលេចអំពីគោលការណ៍លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញអង្ករ ដែលជាចលករណ៍ជំរុញដល់ការចាប់ផ្តើមធ្វើពាណិជ្ជកម្មអង្កររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍។

នៅក្នុងបទបង្ហាញនោះដែរ លោកក៏បានលើកឡើងដោយផ្តោតលើការអនុវត្តផលិតកម្មតាមកិច្ចសន្យារបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ ជាមួយនឹងសហគមន៍កសិកម្ម ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៤ ដែលជាឆ្នាំដំបូងនៃគម្រោងរបស់អេមរុ ដែលសហការជាមួយនឹងសហគមន៍កសិកម្ម កិច្ចសន្យាកសិកម្មចំនួន៨ ត្រូវបានកកើតឡើង ក្នុងខេត្តព្រះវិហារដែលមានកសិករចូលរួម ២០០ គ្រួសារ ផ្តោតលើស្រូវសរីរាង្គ។ ជាមួយនឹងទីផ្សារពិសេសរបស់ខ្លួនដែលជាអង្ករសរីរាង្គ និងអង្ករ SRP លោក គន្ធី បានបន្តឱ្យដឹងថា អេមរុរ៉ាយស៍ នៅក្នុងឆ្នាំ២០២០ បានសម្រេចនូវគំរូអាជីវកម្មកសិកម្មតាមកិច្ចសន្យាដែលសហការជាមួយ ៨២សហគមន៍ ស្មើនឹងកសិករចំនួន ៨០០០ គ្រួសារ។

ចំពោះអត្ថប្រយោជន៍នៃការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មនេះផងដែរ លោក កាន់ គន្ធី ក៏បានលើកបង្ហាញជូនអង្គសិក្ខាសាល ឱ្យបានជ្រាប ដោយផ្តោតលើផលប្រយោជន៍ចំពោះភាគីអ្នកផលិតស្រូវ (កសិករ/សហគមន៍កសិកម្ម) និងភាគីអ្នកទិញ (ក្រុមហ៊ុនអេមរុរ៉ាយស៍ផ្ទាល់)។

សូមទស្សនាវីដេអូនៃការធ្វើបទបង្ហាញរបស់លោក កាន់ គន្ធី នៅក្នុងតំណរភ្ជាប់នេះ (នាទី 0:58:20 – 1:22:00)៖ https://www.youtube.com/watch?v=f_y7bv_ntQM&t=4309s https://www.youtube.com/watch?v=f_y7bv_ntQM&t=4309s

kmKH
en_USEN kmKH