អេមរុរ៉ាយស៍ បានពង្រីកគម្រោងបច្ចេកវិទ្យា BlocRice របស់ខ្លួន ទៅដល់កសិករគោលដៅពី ៥០គ្រួសារ នៅដំណាក់កាលទី១ ទៅដល់ ៥០០ គ្រួសារ ក្នុងដំណាក់កាលទី២ ឆ្នាំ២០២០ នៅក្នុងសហគមន៍ចំនួន ២ ក្នុងខេត្តព្រះវិហារ។
គម្រោង BlocRice ដំណាក់កាលទី១ បានចាប់ផ្តើមជាមួយនឹងគ្រួសារកសិករចំនួន៥០គ្រួសារ នៃសហគមន៍កសិកម្មមួយ ក្នុងខេត្តព្រះវិហារ។ គម្រោងនេះ គឺជាគម្រោងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់នូវបច្ចេកវិទ្យា Blockchain ហើយបានសម្ពោធចាប់ផ្តើមដំណើរការនៅខែមេសា ឆ្នាំ២០១៨ ក្នុងនាមជាកម្មវិធីសាកល្បងមួយ (Pilot Program) រួចក៏បានបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០១៩។ គោលដៅរបស់គម្រោងនេះ គឺធានាទៅដល់កសិករក្នុងលទ្ធភាពនៃការលក់ផលិតផលកសិកម្មរបស់ខ្លួនជាមួយតម្លៃខ្ពស់ជាងមុន និងដើម្បីអាចឱ្យមានការបញ្ជាក់ និងកំណត់នូវអត្តសញ្ញាណប្រភព នៃអាហារផងដែរ។
ការសាកល្បងនូវ BlocRice បានច្របាច់រួមបញ្ចូលគ្នានូវតួអង្គពាក់ព័ន្ធនានា នៅក្នុងខ្សែសង្វាក់តម្លៃស្រូវអង្ករ ដែលអេមរុរ៉ាយស៍ ក៏ជាតួអង្គមួយសំខាន់ ក្នុងនាមជាអ្នកនាំចេញអង្ករ ជាមួយនឹងកសិករចំនួន៥០គ្រួសារមកពីសហគមន៍កសិកម្មរស្មី និងជាមួយនឹងតួអង្គពាក់ព័ន្ធផ្សេងៗទៀត រួមមាន ក្រុមហ៊ុននាំចូល Sano Rice (ផលិតនំស្រួយ) អង្គការ Oxfam Novib និង Schullelaar និងដៃគូផ្សេងៗ។
គម្រោង BlocRice ដំណាក់កាលទីមួយ ក៏ត្រូវបានបញ្ចូលនៅក្នុងដំណាក់កាលសិក្សាស្រាវជ្រាវ កំណត់នូវស្តង់ដារចំណូលរស់នៅ និងការអនុវត្តកសិកម្មល្អ រួមជាមួយនឹងតម្រូវការបច្ចេកវិទ្យា។ គម្រោងនេះ ក៏មានការត្រួតពិនិត្យលើដំណើរការនៃកសិករផលិតស្រូវ ទៅលើចំណូលនៃការរស់នៅរបស់ពួកគេ ពង្រឹងចំណូលពីការផលិតស្រូវ និងពីប្រភពផ្សេងៗ ដែលជាលទ្ធផលនៃជំនួយផ្នែកបច្ចេកទេស និងការពង្រីកនៃសេវាកម្ម។ វាក៏នឹងជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការ តាមរយៈសហគមន៍កសិកម្ម និងផ្តល់ឱ្យកសិករនូវអត្តសញ្ញាណឌីជីថលនិងសម្លេង នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាបង្កើនតម្លាភាពនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ អ្នកលក់រាយ និងអតិថិជន មានការយល់ដឹងច្បាស់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អង្ករសម្រាប់ការធ្វើសវនកម្មសង្គម។

គោលដៅរបស់យើងគឺប្រើប្រាស់បច្ចេកវិទ្យា Blockchain សំរាប់គ្រួសាររាប់លានគ្រួសារ មិនត្រឹមតែទៅលើស្រូវអង្ករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដំណាំកសិកម្មផ្សេងទៀតផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ឬបុគ្គលដែលមានចំណេះដឹងនិងជំនាញ BlockChain នឹងជាផ្នែកមួយនៃអនាគត (ការធ្វើមូលដ្ឋានីយកម្ម)។.
សម្រង់សម្តីរបស់ លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ នៅក្នុងកាសែតខ្មែរថាមស៍
លោកក៏បន្ថែមថា វាអាចធ្វើទៅបាន ប្រសិនបើកសិករ និងសហគមន៍ ត្រូវបានរៀបចំ និងធ្វើសមាហរណកម្មបង្វែរពួកគេ ពីកសិករតាមរដូវកាល ទៅជាសហគ្រិនកសិករ និងកសិករប្រកបដោយវិជ្ជាជីវៈ ដែលផ្តោតលើទីផ្សារ។
លោកបានបន្ថែមទៀតថា ៖ “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា អាចធ្វើទៅបាន លុះត្រាណាតែហេដ្ឋារចនាសម្ព័ន្ធរូបវន្តអាចទៅរួច (ភស្តុភារ ការដឹកជញ្ជូន ការគ្រប់គ្រងក្រោយពេលប្រមូលផល ការទុកដាក់ និងការបញ្ជូន)។ គោលដៅចុងក្រោយបង្អស់ គឺការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ទៅដល់សហគមន៍កសិកម្ម ឱ្យក្លាយខ្លួនជាសហគ្រិនកសិករ។” Kunthy added. “The ultimate goal is to train and educate ACs to become ‘agri-preneurs’.”

គួរបញ្ជាក់ផងដែរថា គម្រោងនេះមានការសាកល្បងទៅលើថាតើ កសិករអាចទទួលបានការផ្តល់អំណាច តាមរយៈការទទួលបានព័ត៌មានអំពីខ្សែសង្វាក់ផ្គត់ផ្គង់ និងតាមរយៈការផ្ទៀងផ្ទាត់លក្ខខណ្ឌនៃកិច្ចសន្យាតាមអេឡិកត្រូនិក។ គម្រោងនេះក៏ណែនាំឱ្យមាននូវការទូទាត់ប្រាក់ដោយគ្មានសាច់ប្រាក់ដល់កសិករមួយចំនួន។ ការទូទាត់ទៅក្នុងគណនីធនាគារអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់តាមអេឡិចត្រូនិកនៃការទូទាត់ដោយអ្នកទិញទៅឱ្យកសិករដែលជាការទូទាត់ត្រឹមត្រូវនិងទាន់ពេលវេលា (យោងទៅតាមកិច្ចសន្យា) ឬអត់។
គម្រោងនេះបាននិងកំពុងសាកល្បងទៅលើកិច្ចសន្យាឌីជីថល រវាងអ្នកផលិតបឋម ដែលបានរៀបចំឡើងនៅក្នុងសហគមន៍កសិកម្ម អ្នកនាំចេញអង្ករកម្ពុជា និងក្រុមហ៊ុនផលិតនៅប្រទេសហូឡង់ ដើម្បីលើកកម្ពស់ជីវភាពកសិករ និងលក្ខខណ្ឌខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ គម្រោងនេះក៏ធ្វើការទៅលើការបង្កើតទម្រង់បែបបទអេឡិកត្រូនិកនៃអ្នកប្រើប្រាស់ ជាមួយនឹងកម្មវិធី (app) ផ្តល់នូវតម្លាភាព និងការតាមដាននូវខ្សែសង្វាក់តម្លៃពេញលេញ ដល់សហមន័ ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនអ្នកនាំចូល និងក៏ដូចជាទៅដល់អ្នកប្រើប្រាស់នៅចុងក្រោយនៃខ្សែសង្វាក់ផងដែរ។ តាមរយៈនេះ អតិថិជនឬអ្នកប្រើប្រាស់នឹងដឹងច្បាស់ថា កសិករបានទទួលការទូទាត់ត្រឹមត្រូវសម្រាប់ស្រូវរបស់ពួកគេ ដែលរួមចំណែកដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាពរបស់ពួកគេ។ អ្នកប្រើប្រាស់អាចជ្រើសរើសជម្រើសដែលមានភាពច្បាស់លាស់ សម្រាប់អង្ករដែលអនុលោមតាមលក្ខខណ្ឌសង្គម និងស្តង់ដារផលិតកម្មត្រឹមត្រូវ។ គម្រោងនេះផ្តល់នូវតម្លាភាព និងព័ត៌មានដល់តួអង្គខ្សែសង្វាក់តម្លៃ។ វាក៏ត្រូវបានគេរំពឹងថា នឹងផ្តល់ដល់កសិករខ្នាតតូចឱ្យមានឥទិ្ធពលច្រើនជាងមុន ដើម្បីអាចធានានូវជីវភាពរស់នៅរបស់ពួកគេបាន។
