• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

ទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក មកកាន់រោងចក្រអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង

អេមរុរ៉ាយស៍ មានកិត្តិយសនិងរីករាយជាខ្លាំង ដែលទទួលបាននូវការអញ្ជើញទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patric Murphy នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ នៅឯរោងចក្រអេមរុរ៉ាយស៍ សាខាខេត្តបាត់ដំបង ដែលជារោងម៉ាស៊ីនកិនស្រូវដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបាននូវប្រព័ន្ធស្តុកស្រូវ អង្ករ(Silo) ស្តង់ដារបច្ចេកវិទ្យារបស់អាមេរិកដែលអាចមានលទ្ធភាពស្តុកស្រូវបានម្តងចំនួន៣០០០តោន ដែលSiloនេះទទួលបានតាមរយៈហិរញ្ញប្បទានសរុបទាំងការសាងសង់អស់ប្រហែលកន្លះលានដុល្លារ (ដោយធនាគារ Exim Bank) របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩។

បន្ថែមពីលើការធ្វើបទបង្ហាញសង្ខេបអំពីក្រុមហ៊ុនអេមរុរ៉ាយស៍ ដោយលោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ លោកសុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានថ្លែងចំណាប់អារម្មណ៍អរគុណដល់ លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលបានអញ្ជើញទស្សនកិច្ចរោងចក្រអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបងនេះ និងបានបង្ហាញអំពីលក្ខណៈពិសេសនៃ silo ដែលជាផលិតផលរបស់សហរដ្ឋអាមេរិកនេះថា ជាការធានានូវស្តង់ដារគុណភាព និងពង្រីកនូវសមត្ថភាពក្នុងការទុកដាក់ ប្រកបដោយគុណភាព និងការប្រកួតប្រជែង។

លោកបានបញ្ជាក់ថា “ស្តង់ដាររបស់អាមេរិកាំង គេហៅថាស្តង់ដារមាស ដូច្នេះយើងមានជំនឿថា បច្ចេកវិទ្យាអាមេរិក នឹងជំរុញឱ្យអេមរុទទួលបាននូវជោគជ័យក្នុងការវិនិយោគ ក៏ដូចជាការគាំទ្រដល់សង្វាក់ផ្គត់ងផ្គង់ស្រូវទាំងមូល”។ បន្ថែមពីលើនេះ លោកក៏បានរំលេចអំពីហិរញ្ញប្បទានដែលក្រុមហ៊ុនបានទទួលពីសហរដ្ឋអាមេរិក ក្នុងការបំពាក់នូវប្រព័ន្ធស្តុកស្រូវអង្ករSiloនេះផងដែរ ដែលវាជាការណ៍មួយបង្ហាញថា សហរដ្ឋអាមេរិកបាននិងកំពុងតែគិតគូរយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា។

លោកឯកអគ្គរដ្ឋទូត មានការចាប់អារម្មណ៍ខ្ពស់លើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាពិសេសទៅលើកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុននិងសហរដ្ឋអាមេរិក ដែលជាលទ្ធផលនិងជានិមិត្តរូបដែលបង្ហាញតាមរយៈSilo ស្តុកស្រូវអង្ករ បច្ចេកវិទ្យាស្តង់ដាររបស់សហរដ្ឋអាមេរិកនេះ។

លោកមានប្រសាសន៍ថា “យើងពិតជាមានមោទនភាពចំពោះក្រុមហ៊ុនអេមរុរ៉ាយស៍ ដោយអេមរុគឺជាក្រុមហ៊ុនដំបូងគេក្នុងវិស័យកសិកម្ម ដែលមានលទ្ធភាពក្នុងការទទួលបានកម្ចីពីធនាគារនាំចេញ នាំចូលរបស់សហរដ្ឋអាមេរិក។ អេមរុគឺជាគំរូមួយ។ សង្ឃឹមថា ក្រុមហ៊ុនផ្សេងទៀតនឹងអាចមានលទ្ធភាពចាប់យកដូចគ្នាដែរ”។ តាំងនាមឱ្យសហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូតបានថ្លែងថា សហរដ្ឋអាមេរិក រីករាយនឹងជួយគាំទ្រដល់កម្ពុជា ក៏ដូចជាការសហការនានា ក្នុងការធានានូវភាពរុងរឿង និងនិរន្តរភាព ជាពិសេសក្នុងវិស័យកសិកម្ម។

ជាផែនការបន្តទៅមុខ ក្នុងការបន្តពង្រឹងនិងធ្វើឱ្យវិស័យស្រូវអង្ករកាន់តែរីកចម្រើនទៅមុខទឿត លោកអគ្គនាយក មើលឃើញពីសារៈសំខាន់នៃការផ្តល់ឥណទាននិងការគាំទ្រជាមូលនិធិផ្សេងៗ ដែលអាចគាំទ្រក្នុងចង្វាក់ផលិតកម្មស្រូវដែលអាចលក់ក្នុងការនាំចេញបាន ដែលរួមមាន បច្ចេកទេសក្រោយពេលច្រូតកាត់ ការស្តុកទុកដាក់ (តាមរយៈ Silo) និងការជំរុញឱ្យទីផ្សារសហរដ្ឋអាមេរិក មានភាពទូលំទូលាយតាមរយៈការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល និងតាមរយៈការបង្ហាញផលិតផលកសិកម្មរបស់កម្ពុជានៅក្នុងពិព័រណ៌ផ្សេងៗ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋអាមេរិកនឹងបានស្គាល់ ក៏ដូចជាទទួលស្គាល់ឱ្យបានកាន់តែទូលំទូលាយនូវគុណភាពអង្ករកម្ពុជា។

kmKH
en_USEN kmKH