• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

ការចុះពិនិត្យការប្រមូលផលស្រូវសរីរាង្គ របស់សហគមន៍កសិកម្មនៅខេត្តព្រះវិហារ

កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ជាមួយនឹងសហការីនៃអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចូលរួមច្រូតកាត់ស្រូវសរីរាង្គប្រភេទផ្ការំដួល ដែលទុំពេញស្រែរបស់បងប្អូនប្រជាកសិករនៃសហគមន៍នេះ។

សហគមន៍សាមគ្គីរុងរឿង គឺជាសហគមន៍មួយក្នុងចំណោម២២ សហគមន៍ នៅក្នុងខេត្តព្រះវិហារ ដែលបានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គ ផ្គត់ផ្គង់ជូនក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងឆ្នាំ២០២០នេះ ហើយដែលទទួលបានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារផងដែរ។

បន្ថែមពីលើការចូលរួមច្រូតកាត់ជាមួយនឹងបងប្អូនកសិកររបស់សហគមន៍សាមគ្គីរុងរឿងនេះ លោកអគ្គនាយកអេមរុរ៉ាយស៍ ក៏បានថ្លែងអំណរគុណដល់សហគមន៍ ដែលនៅតែបន្តសហការជាមួយនឹងក្រុមហ៊ុន និងជាពិសេសនោះ សហគមន៍បាននិងកំពុងតែបន្តអនុវត្តនូវការផលិតស្រូវសរីរាង្គស្របតាមស្តង់ដារ ដែលក្នុងនោះ មាននូវបញ្ចូលនូវសវនកម្មត្រួតពិនិត្យគុណភាពរបស់ស្រូវសរីរាង្គ ដែលទទួលបានជោគជ័យនាពេលកន្លងទៅផងដែរ។ មួយវិញទៀត លោកអគ្គនាយក ក៏បានចែករំលែកជូនបងប្អូនកសិករ អំពីស្ថានភាពទីផ្សារបច្ចុប្បន្ននៃស្រូវអង្ករកម្ពុជា និងផ្តល់យោបល់ឱ្យសហគមន៍សាកអនុវត្តការដាំស្រូវសរីរាង្គប្រភេទពូជនាងអុក នាងអំ ដែលជាប្រភេទអង្ករសប្រណីត (Premium fragrant rice) ដោយសារតែប្រភេទនេះ កំពុងតែមានទីផ្សារល្អ និងជាពិសេសនោះ វាអាចផ្តល់នូវទិន្នផលខ្ពស់ផងដែរ មួយវិញទៀត ជាសំណូមពរ លោកសូមឱ្យបងប្អូនកសិករមេត្តាយកចិត្តទុកដាក់លើដំណើរការក្រោយការច្រូតកាត់ (Post-Harvest) ដែលមានទាំងការទុកដាក់ឱ្យស្របតាមបច្ចេកទេស ដើម្បីរក្សានូវគុណភាព ចៀសវាងការខូចខាត និងបាត់បង់ ក្រោយពេលប្រមូលផលនេះ។

kmKH
en_USEN kmKH