កិច្ចសន្យាកសិកម្ម បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានស្ថិភាពតម្លៃ និង បរិមាណផលិត តាមរយៈការចូលរួមសម្របសម្រួលពីភាគីអ្នកផលិត និង អ្នកបញ្ជាទិញ។ ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យកសិកម្ម អះអាងថា នៅអំឡុងពេលកូវីដ-១៩ ដែលបាននិងបន្ដរីករាតត្បាតខ្លាំងនៅពេលនេះ ការរៀបចំធ្វើកិច្ចសន្យារវាងក្រុមហ៊ុន និងសហគមន៍កសិករកំពុងមានផលវិបាកដោយសារការរំខានដែលធ្វើឲ្យខាងក្រុមហ៊ុនពិបាកក្នុងការចុះជួបផ្ទាល់ជាមួយកសិករ ដែលវាអាចនឹងធ្វើឲ្យចំនួននៃកិច្ចសន្យាកសិកម្មនៅឆ្នាំ២០២១នេះ អាចនឹងមានប្រហាក់ប្រហែលនឹងឆ្នាំ២០២០។
លោក កាន់ គន្ធី នាយករងក្រុមហ៊ុននាំអង្ករចេញ Amru Rice ដែលជាក្រុមហ៊ុនបានបានធ្វើកិច្ចសន្យាកសិកម្មច្រើនជាងគេជាមួយសហគមន៍កសិករបានបញ្ជាក់ថា កិច្ចកុងត្រាកសិកម្មមានសារៈខាន់ដែលធ្វើឱ្យមានស្ថេរភាព ទំនុកចិត្ត និងតម្លៃទីផ្សារនៃផលិតផល ដោយប្រជាកសិករមិនចាំបាច់ភ័យខ្លាចថាគ្មានទីផ្សារថែមទាំងមានតម្លៃអាចទទួលយកបាន។
លោក កាន់ គន្ធី បន្ថែមថា ក្រុមហ៊ុន Amru Rice ក្នុងឆ្នាំ២០២០ បានចុះកិច្ចកុងត្រាកសិកម្មជាមួយសហគមន៍ជាច្រើនរហូតដល់ជាង៦០ សហគមន៍ ប៉ុន្ដែ នៅឆ្នាំ២០២១នេះ ក្រុមហ៊ុនមិនទាន់បានការចុះកិច្ចសន្យាជាមួយសហគមន៍នៅឡើយទេ ដោយសារបញ្ហាកូវីដ-១៩ បានរារាំងក្នុងជួបពិភាក្សាជាមួយប្រជាកសិករ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានពិភាក្សាគ្នារួចរាល់ជាមួយសហគមន៍ ដែលអាចនឹងចុះហេត្ថលេខាលើកិច្ចសន្យាកសិកម្មនេះនៅពេលវេលាសមស្របណាមួយនាពេលខាងមុខ។
របាយការណ៍ពីក្រសួងកសិកម្មបានបង្ហាញថា នៅឆ្នាំ២០២០ មានកិច្ចសន្យាចំនួន ៩៣៦ កិច្ចសន្យា ត្រូវបានអនុវត្តជាផ្លូវការ ក្នុងនោះមានសហគមន៍កសិកម្មចំនួន ២៩៣ សហគមន៍ ដែលគ្របដណ្តប់ទៅលើប្រភេទផលិតផលកសិកម្មជាច្រើនផ្នែកដូចជា៖ ដំណាំ, សត្វ, ត្រី, ការផ្គត់ផ្គង់ធាតុចូលកសិកម្ម, និងផលិតផលកៃច្នៃ នៅក្នុងខេត្តចំនួន ២២។គួរបញ្ជាក់ថា កិច្ចសន្យាកសិកម្មនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឲ្យអនុវត្តចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ។ យន្តការនេះ គឺបានជួយជំរុញការផលិត ផលិតកម្មកសិកម្មតាមរយ:ការរៀបចំផែនការផលិតច្បាស់លាស់ ការអនុវត្តបច្ចេកទេសកសិកម្មទំនើប ការប្រើប្រាស់ធាតុចូលកសិកម្មសមស្របដែលទាក់ទាញអ្នកវិនិយោគ និងលើកកម្ពស់ភាពជាដៃគូរវាងវិស័យរដ្ឋ ឯកជន និងអ្នកផលិតផលិតផលកសិកម្មនៅកម្ពុជាផងដែរ៕