• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

វាលស្រែបង្ហាញពូជស្រូវផ្កាមាលតី លើកដំបូងរបស់អេមរុរ៉ាយស៍ រំពឹងចូលរួមពង្រឹងគុណភាពពូជដែលធន់នឹងការប្រែប្រួលអាកាសធាតុ

ស្ថិតនៅលើផ្ទៃដី១ហិកតា ក្នុងបរិវេណរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលស្ថិតនៅភូមិ​បុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ  ខេត្តកំពង់ធំ វាលស្រែបង្ហាញ ពូជស្រូវផ្កាមាលតី កំពុងតែបង្អួតសម្រស់បែកគ្រាប់ស្រូវពណ៌លឿងទុំ ពាសពេញវាលស្រែ ដែលនេះជាសញ្ញាបញ្ជាក់ថា ការច្រូតកាត់នឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះហើយ។

ពូជស្រូវ “ផ្កាមាលតី” ជាពូជស្រូវកណ្តាលមានក្លិនក្រអូបស្រាល ប្រកាន់រដូវ ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូន កសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាដើមឆ្នាំ២០១៨។ ពូជស្រូវនេះ ជាពូជស្រូវដែលមានគុណភាពអង្ករល្អប្រសើរ មានភាពថ្លា វែងរលូន បាយទន់ ឆ្ងាញ់ ថែមទាំងមានក្លិនក្រអូបស្រាល និងមានតម្លៃសម្រាប់ទីផ្សារជាតិ​ និងអន្តរជាតិ។ អេមរុរ៉ាយស៍ បានសាកល្បងពូជនេះ៦០គីឡូក្រាម ពី CARDI យកមកដាំដុះដោយប្រើប្រាស់ជីសរីរាង្គខូប នៅលើវាលស្រែបង្ហាញ ក្រោមការសហការជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI)។

បន្ថែមពីលើការសហការជាមួយនឹង IRRI វាលស្រែបង្ហាញពូជផ្កាមាលតីនេះ ក៏ទទួលបាននូវការគាំទ្រផ្នែកបច្ចេកទេស លើម៉ាស៊ីនដាំស្រូវ ពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្រ្តាលី (កាវ៉ាក់) ផងដែរ។

“ប្រទេសកម្ពុជាងាយនឹងរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុដោយមានគ្រោះរាំងស្ងួតយូរជាងមុនរួមផ្សំនឹងភ្លៀងនិងទឹកជំនន់ខ្លាំង។ កាវ៉ាក់សហការនិងធ្វើការជាមួយ CARDI, CRF និង PDAFFs ដើម្បីបង្កើនការដាក់បញ្ចូលពូជស្រូវផ្កាមាលតីដែលធន់នឹងគ្រោះរាំងស្ងួតនិងធន់នឹងទឹកជំនន់។”

ការលើកឡើងរបស់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (កាវ៉ាក់)

យោងតាមការលើកឡើងរបស់ លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថាន CARDI ដែលបានផ្តល់បទសម្ភាសន៍ជូនកាសែតខ្មែរថាមស៍ ចុះផ្សាយកាលពីខែមិថុនា កន្លងទៅ ពូជស្រូវផ្កាមាលតីនេះ គឺជាពូជមួយដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះរាំងស្ងួត ធន់ទ្រាំបានល្អនឹងទឹកជំនន់ និងការដួលដើម ហើយមានគុណភាព និងទិន្នផលខ្ពស់។

“វាអាស្រ័យលើតម្រូវការទីផ្សារ និងតម្រូវការរបស់កសិករ ប៉ុន្តែយើងបានធ្វើការស្រាវជ្រាវរាល់ថ្ងៃ ដើម្បីស្វែងរកដំណាំស្រូវល្អប្រសើរដើម្បីសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ កាឌី បានបញ្ចេញពូជស្រូវថ្មីចំនួន ២ គឺផ្កាមាលតី និងសែនក្រអូប០១”។ ចំពោះទិន្នផលរបស់ពូជផ្កាមាលតីនេះ បើតាមការបញ្ជាក់ពី កាឌីគឺអាចទទួលបានចាប់ពី ៣.៥ ទៅ ៥.៥ តោនក្នុងមួយហិកតា។

បណ្ឌិត អ៊ុក ម៉ាការ៉ា នាយកវិទ្យាស្ថានកាឌី

ក្រុមការងាររបស់អេមរុរ៉ាយស៍ មានការយកចិត្តទុកដាក់ខ្ពស់ទៅលើដំណើរការទាំងមុនការដាំដុះ (គ្រាប់ពូជគុណភាព) ការដាំដុះ និង ជាពិសេសគឺក្រោយការប្រមូលផល ជាក់ស្តែង ដើម្បីរក្សាគុណភាពរបស់គ្រាប់ស្រូវ ក្រុមការងារត្រូវបានណែនាំឱ្យហាលស្រូវដោយដៃ ជំនួសដោយការសម្ងួតក្នុងឡ ដែលនេះស្តែងឱ្យឃើញនូវការសម្រិតសម្រាំងយ៉ាងខ្លាំងចំពោះការសាកល្បងនេះ ដើម្បីងាយស្រួលក្នុងការវាយតម្លៃ និងការកែលម្អ បន្ទាប់ពីបញ្ចប់ការសាកល្បង។

en_USEN
kmKH en_USEN