• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

អេមរុរ៉ាយស៍ចូលរួមបរិច្ចាគ១០០លានរៀល ដើម្បីទិញពូជស្រូវជួយដល់កសិកររងការប៉ះពាល់ពីគ្រោះទឹកជំនន់

នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពង់ធំ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមក្នុងកម្មវិធីចែកគ្រាប់ពូជស្រូវ និងស្បៀង ជូនដល់ប្រជាកសិករ៦៦៥០គ្រួសារ ដើម្បីស្រោចស្រង់និងស្តារឡើងវិញពីគ្រោះទឹកជំនន់ នាពេលកន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងអគ្គជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបាននូវគ្រាប់ពូជស្រូវ១០០គីឡូក្រាម ស្បៀង សម្ភារៈមួយចំនួនធំ និងថវិកា។

ខណៈដែលគ្រោះទឹកជំនន់រហ័សបានបង្កផលប៉ះពាល់ដល់ប្រជាជនខ្មែរ ជាពិសេស ប្រជាកសិករ ទៅលើដំណាំស្រូវមួយចំនួន ជាទឹកចិត្តក្នុងការចូលរួមចំណែកក្នុងប្រតិបត្តិការជួយកសិកររងគ្រោះ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចូលរួមបរិច្ចាគជំនួយជាទឹកប្រាក់ ១០០លានរៀល ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការទិញពូជស្រូវដើម្បីចែកជូនប្រជាកសិកររងគ្រោះ យកទៅដាំដុះ បង្កបង្កើនផលស្រូវសារជាថ្មីឡើងវិញ។

កម្មវិធីនាថ្ងៃនេះ ក៏មានកិត្តិយស ដែលមានវត្តមានដ៏ពិសេសរបស់ឯកអគ្គរាជទូត អូស្រ្តាលី ឯកឧត្តម Pablo Kang ដែលរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (កាវ៉ាក់) តែងតែបានផ្តល់នូវការយកចិត្តទុកដាក់គាំទ្រដល់វិស័យកសិកម្មកម្ពុជា ជិតរយៈពេល២០ឆ្នាំមកនេះ ជាក់ស្តែងនាថ្ងៃនេះ បានផ្តល់នូវម៉ាស៊ីនព្រោះគ្រាប់ពូជស្រូវទំនេីប ចំនួន២០គ្រឿងដល់សហគមន៍កសិកម្ម។

តាងនាមឱ្យបុគ្គលិកអេមរុរ៉ាយស៍ គ្រប់លំដាប់ថ្នាក់ទាំងអស់ និងប្រជាកសិករខ្មែរ សូមចូលរួមថ្លែងអំណរគុណចំពោះទឹកចិត្តក្នុងក្របខណ្ឌមនុស្សធម៌ និងសាមគ្គីដែលមិនអាចកាត់ថ្លៃបាននេះ និងសូមបន្តនូវស្មារតីសប្បុរសខ្មែរជួយខ្មែរ តាមលទ្ធភាពដែលអាចធ្វើបាន។

en_USEN
kmKH en_USEN