• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

ការប្រមូលទិញស្រូវសរីរាង្គ ពីសហគមន៍ដែលចុះកិច្ចសន្យាកសិកម្មជាមួយអេមរុរ៉ាយស៍ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

បន្ទាប់ពីការធ្វើសវនកម្មត្រួតពិនិត្យគុណភាពស្រូវសរីរាង្គទទួលបានជោគជ័យនាពេលកន្លងទៅរួចមក នាខណៈពេលនេះ រដូវកាលប្រមូលផលស្រូវសរីរាង្គក៏បានចូលមកដល់។ ស្រូវសរីរាង្គ ទាំងនេះត្រូវបានដាំដុះដោយសហគមន៍កសិកម្មទាំង៦សហគមន៍ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាសហគមន៍បានចុះកិច្ចសន្យាកសិកម្ម ផ្គត់ផ្គង់ស្រូវសរីរាង្គ ២៣៧៣តោន ដល់ក្រុមហ៊ុនអេមរុរ៉ាយស៍។

ជាការពិត សក្តានុពលនៃទីផ្សារស្រូវអង្ករសរីរាង្គកំពុងតែស្ថិតនៅលើផ្លូវមួយប្រកបដោយនិរន្តរភាពប្រាក់ចំណូល និងទីផ្សារដល់កសិករដែលជាអ្នកដាំដុះ ដែលជាក់ស្តែង ៩០ភាគរយ នៃអង្ករសរីរាង្គដែលផលិតបាន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ កសិករដែលដាំដុះស្រូវសរីរាង្គ ពួកគាត់នឹងទទួលបានតម្លៃពិសេស ពោលគឺទទួលបានតម្លៃបន្ថែមចន្លោះពី ១៧០ ទៅ២៥០រៀលក្នុង១គីឡូក្រាមយ៉ាងតិច ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា។ ចំពោះតម្លៃស្រូវសរីរាង្គប្រភេទផ្កាម្លិះ ដែលក្រុមហ៊ុនអេមរុរ៉ាយស៍ព្រមព្រៀមទិញពីសហគមន៍ គឺស្ថិតក្នុងតម្លៃចន្លោះពី១២០០រៀល ទៅ១៥០០រៀល ក្នុងមួយគីឡូក្រាម (តម្លៃនៅវាលស្រែ)។

អេមររុរ៉ាយស៍មានសេចក្តីត្រេកអរជំនួសបងប្អូនប្រជាកសិករ នៅស្រុកកោះញែកនេះផងដែរ ដែលបានទទួលបានទិន្នផលស្រូវល្អប្រសើរ និងប្រកបដោយគុណភាព ជាពិសេស គឺមិនបានទទួលរងការប៉ះពាល់ពីទឹកជំនន់ ឬគ្រោះរាំងស្ងួតនោះទេ ហើយយើងនឹងបន្តប្រមូលទិញស្រូវពីសហគមន៍បន្តទៀត រហូតដល់ចប់រដូវកាលប្រមូលផលនេះ។

គួរបញ្ជាក់ផងដែរថា គម្រោងស្រូវសរីរាង្គរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ គឺជាគម្រោងមួយដែលស្ថិតនៅក្រោម គម្រោងបច្ចេកវិទ្យាស្រូវអង្ករកម្ពុជា (Rice TechCambodia)។ Rice TechCambodia (RTC) គឺជាគំនិតផ្តួចផ្តើមឯកជន-សាធារណៈដែលមានគោលបំណងលើកកម្ពស់សង្វាក់តម្លៃស្រូវអង្ករសរីរាង្គ នៅក្នុងប្រទេសកម្ពុជាដែលនាំឱ្យមានការរីកចម្រើនសម្រាប់កសិករខ្នាតតូច។ អេមរុរ៉ាយស៍គឺជាដៃគូមួយ ក្នុងចំណោមដៃគូដែលពាក់ព័ន្ធក្នុងការចូលរួមអនុវត្តគម្រោងនេះ ដែលរួមមាន Sano Rice អង្គការ Oxfam នៅកម្ពុជា អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព (DPA) Larive International និងមន្ទីរកសិកម្មខេត្តមណ្ឌលគីរី។ គម្រោងនេះត្រូវបានគាំទ្រថវិកាដោយ ភ្នាក់ងារសហគ្រាសហូល្លង់ (NEA)តាមរយៈក្របខ័ណ្ឌនៃ “ភាពជាដៃគូនៃគោលដៅអភិវឌ្ឍន៍សង្គម” (SDGP)។

en_USEN
kmKH en_USEN