• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

អេមរុរ៉ាយស៍ បន្តប្តេជ្ញាផលិតស្រូវអង្ករសរីរាង្គដែលមានគុណភាព

នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមគម្រោងស្រូវសរីរាង្គរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ សំណាករបស់ស្រូវសរីរាង្គមួយចំនួន ត្រូវបានប្រមូលយកទៅពិនិត្យគុណភាពនៅក្នុងមន្ទីរពិសោធន៍ និងឈានទៅរកការចេញវិញ្ញាបនបត្របញ្ជាក់នូវការអនុវត្តស្របតាមស្តង់ដារស្រូវសរីរាង្គ ដែលបានកំណត់។ ដំណាំស្រូវសរីរាង្គ ៣ប្រភេទ គឺប្រភេទផ្ការំដួល ប្រភេទម្លិះក្រហម  និងប្រភេទស្រូវសប្រណីត (នាងអុក នាងអំ) ត្រូវបានដាំដុះដោយកសិករនៃសហគមន៍ចំនួន៦ និងជាសហគមន៍ដែលបានចុះកិច្ចសន្យាកសិកម្មជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍ កាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះផងដែរ។

សកម្មភាពប្រមូលសំណាកស្រូវសរីរាង្គពីវាលស្រែ
សកម្មភាពប្រមូលសំណាកស្រូវសរីរាង្គពីវាលស្រែ

សហគមន៍ទាំង៦នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលទទួលបានការចុះកិច្ចសន្យាកសិកម្មផ្គត់ផ្គង់ស្រូវសរីរាង្គដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ មានសមាជិកសរុបចំនួន១៤៤គ្រួសារ ដែលមានវិសាលភាពដាំដុះស្រូវលើផ្ទៃដី ៧៩១ ហិកតា ហើយបើតាមការរំពឹងទុក ទិន្នផលរបស់ស្រូវសរីរាង្គដែលដាំដុះដោយសហគមន៍ទាំង៦នេះ នឹងទទួលបាន ២៣៧៥តោន នាពេលខាងមុខ។ សូមបញ្ជាក់ផងដែរថា សហគមន៍ទាំង៦នេះរួមមាន សហគមន៍ដំណាំសរីរាង្គកោះញែក សហគមន៍អភិវឌ្ឍន៍មានជ័យ សហគមន៍សាមគ្គីរីកចម្រើន សហគមន៍កសិកម្មកោះញែក សហគមន៍មានរិទ្ធរុងរឿង សហគមន៍សាមគ្គីភូមិទួល ហើយសហគមន៍ទាំង៦នេះ គឺមានទីតាំងនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

 បើតាមលោក កង ឃឿង ប្រធានគម្រោងផ្នែកចុះកិច្ចសន្យាកសិកម្ម និងស្រូវនិរន្តរភាពរបស់ អេមរុរ៉ាយស៍ បានឱ្យដឹងថា ប្រយោជន៍ដែលកសិករនៅក្នុងសហគមន៍ទាំង៦ដែលបានទទួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសរីរាង្គជូនក្រុមហ៊ុន គឺការទទួលបានប្រាក់បន្ថែម ១០០រៀលក្នុង១គីឡូក្រាមយ៉ាងតិចពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា។   

សហគមន៍កសិកម្មចំនួន៦ ដែលមកពីស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសហគមន៍ និងក្រុមហ៊ុន ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងកសិកម្ម

គម្រោងស្រូវសរីរាង្គរបស់អេមរុរ៉ាយស៍ គឺជាគម្រោងមួយដែលស្ថិតនៅក្រោម គម្រោងបច្ចេកវិទ្យាស្រូវកម្ពុជា (Rice TechCambodia)។ Rice TechCambodia (RTC) គឺជាគំនិតផ្តួចផ្តើមឯកជន-សាធារណៈដែលមានគោលបំណងលើកកម្ពស់សង្វាក់តម្លៃស្រូវសរីរាង្គ នៅក្នុងប្រទេសកម្ពុជាដែលនាំឱ្យមានការរីកចម្រើនសម្រាប់កសិករខ្នាតតូច។ អេមរុរ៉ាយស៍គឺជាដៃគូមួយ ក្នុងចំណោមដៃគូដែលពាក់ព័ន្ធក្នុងការចូលរួមអនុវត្តគម្រោងនេះ ដែលរួមមាន Sano Rice អង្គការ Oxfam នៅកម្ពុជា អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព (DPA) Larive International និងមន្ទីរកសិកម្មខេត្តមណ្ឌលគីរី។ គម្រោងនេះត្រូវបានគាំទ្រថវិកាដោយ ភ្នាក់ងារសហគ្រាសហូល្លង់ (NEA)តាមរយៈក្របខ័ណ្ឌនៃ “ភាពជាដៃគូនៃគោលដៅអភិវឌ្ឍន៍សង្គម” (SDGP)។

ការត្រួតពិនិត្យគុណភាពស្រូវសរីរាង្គនេះ គឺមានការត្រួតពិនិត្យពីខាងក្រៅ​ និងខាងក្នុង។ ដើម្បីទទួលបានការត្រួតពិនិត្យពីខាងក្រៅ សហគមន៍ខ្លួនឯងត្រូវតែធ្វើការត្រួតពិនិត្យផ្ទៃក្នុងដែលធ្វើឡើងដោយអធិការផ្ទៃក្នុង។ ការត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានធ្វើឡើង នៅពេលរៀបចំ ដីមុនពេលដាំដុះ ឬពេលកំពុងដាំដុះ។

ថ្មីៗនេះ បន្ទាប់ពីចាប់ផ្តើមដាំដុះស្រូវសរីរាង្គបានរយៈពេលមួយខែ ក្រុមការងាររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចុះទៅទីតាំងវាលស្រែផ្ទាល់ ដើម្បីធ្វើការត្រួតពិនិត្យដោយក្រុមហ៊ុនឯករាជ្យពីខាងក្រៅ ឬហៅថាភាគីទី៣ គឺក្រុមហ៊ុន Control Union និងត្រួតពិនិត្យផ្ទៃក្នុង (Internal Control System [ICS]) ដើម្បីវាយតម្លៃ និងប្រមូលសំណាកស្រូវសរីរាង្គ យកទៅពិនិត្យគុណភាពនៅក្នុងមន្ទីរពិសោធន៍ មុននឹងចេញវិញ្ញាប័នបត្របញ្ជាក់ថា ពិតជាស្របតាមស្តង់ដារ របស់ EOS / EU និង NOP។

សកម្មភាពយកសំណាកស្រូវសរីរាង្គទៅត្រួតពិនិត្យគុណភាពនៅក្នុងមន្ទីរពិសោធន៍ Control Union

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីគ្រប់គ្រងការអនុវត្តរបស់សហគមន៍ដាំដុះស្រូវ ដែលក្នុងនោះ រួមមានការត្រួតពិនិត្យលើការប្រើប្រាស់ធាតុចូលដែលស្តង់ដារបានហាមឃាត់ដូចជា ថ្នាំពុលគីមី ថ្នាំបាញ់សម្លាប់ស្មៅគីមី និងជីគីមីទៅក្នុងស្រែ និងដំណាំស្រូវ ត្រួតពិនិត្យលើប្រព័ន្ធធារាសាស្ត្រ ឬលំហូរទឹក ការប៉ាន់ប្រមាណទិន្នផល ការស្តុកស្រូវ ការដឹកជញ្ជូនស្រូវស្ងួត ប្រព័ន្ធតាមដានសម្ភារៈវេចខ្ចប់ស្រូវ និងលទ្ធកម្មស្រូវ ការទិញលក់ស្រូវជាដើម។ រាល់ធាតុចូល សម្ភារៈប្រើប្រាស់ ក្នុងសកម្មភាពការងារដាំដុះស្រូវ គឺត្រូវគោរពតាមវិធានផ្ទៃក្នុង និងស្តង់ដារសរីរាង្គនៃ EOS / EU និង NOP Standard ។

គួរបញ្ជាក់ផងដែរថា អេមរុរ៉ាយស៍បានជួយលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជា តាមរយៈការកសាងនូវកេរ្តិ៍ឈ្មោះដ៏ល្អ ក្នុងការប្រមូលផ្តុំនូវកសិករចូលរួមនៅក្នុងខ្សែចង្វាក់ផលិតកម្ម។ នៅក្នុងឆ្នាំ២០២០ មានកសិករប្រហែល១ម៉ឺនគ្រួសារ បានចូលរួមជាមួយនឹងក្រុមហ៊ុន ដែលចែកជា២ផ្នែក ទីមួយគឺការផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ ដែលមានកសិករប្រហែល ៦០០០គ្រួសារ និងទីពីរគឺ កម្មវិធីស្រូវនិរន្តរភាព ដែលមានប្រហែល ៤០០០ គ្រួសារ។

ក្រុមការងារអេមរុរ៉ាយស៍ នៅវាលស្រែសរីរាង្គក្នុងខេត្តមណ្ឌលគិរី
en_USEN
kmKH en_USEN