កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមហ៊ុន Amru Rice តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានចូលរួមឧបត្ថម្ភអង្ករ១០តោន ជូនដល់ប្រជាពលរដ្ឋ ៦៥០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅឃុំអូរតាគី ដែលនៅក្នុងពិធីនេះ មានវត្តមាន ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ពិធីនេះដែរ ក៏ទទួលបានការចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ឯកឧត្តម ឧកញ៉ា បណ្ឌិត ភួ ពុយ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាទីប្រឹក្សាប្រតិបត្តិស.អ.ក រួមជាមួយអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកស.អ.ក ជាច្រើនរូបផងដែរ។

ឧកញ៉ា សុង សារ៉ន សង្ឃឹមថា សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការបង្ហាញពីទឹកចិត្តនៃការចូលរួម «ខ្មែរជួយខ្មែរ ខ្មែរដើម្បីខ្មែរ» ហើយក៏បានថ្លែងអំណរគុណអស់ពីចិត្តចំពោះទឹកចិត្តរបស់សមាជិកសហព័ន្ធយ៉ាងផុសផុលក្នុងរយៈពេលដ៏ខ្លីនេះ និងអរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានចូលរួមឧបត្ថម្ភ និងគាំទ្រចំពោះការផ្តល់ហិរញ្ញប្បទានពិសេសពីរាជរដ្ឋាភិបាល ក្នុងការជួយឲ្យក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពទិញស្រូវបន្ថែមពីកសិករ ជាពិសេសក្នុងពេលមានបញ្ហាលំបាក ដូចជាគ្រោះទឹកជំនន់នាពេលនេះជាដើម។
សូមបញ្ជាក់ថា Amru Rice នៅតែបន្តប្តេជ្ញាជួយទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព និងក្នុងតម្លៃមួយសមរម្យ នៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។

