• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

ការចុះពិនិត្យការងារប្រមូលផល និងទិញស្រូវពីកសិករ ទៅតាមកិច្ចសន្យាកសិកម្ម ឆ្នាំ២០២១

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯរោងចក្រអេមរុរ៉ាយស៍ ខេត្តកំពង់ធំ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចាប់ផ្តើមកិច្ចការងារមមាញឹកក្នុងការចុះមើលការងារប្រមូលផលស្រូវ និងទិញស្រូវជាបណ្តើរៗពីសហគមន៍ទៅតាមកិច្ចស្យា និងទៅតាមតម្លៃដែលបានឯកភាពជាមួយតំណាងសហគមន៍កសិកម្មដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននាពេលកន្លងទៅ សម្រាប់ឆ្នាំ២០២១នេះ។

ជារៀងរាល់ឆ្នាំ ការងារចុះមើលការងារប្រមូលផលស្រូវ និងទិញស្រូវជាបណ្តើរៗនេះ គឺធ្វើឡើងស្របជាមួយនឹងរដូវកាលប្រមូលផលរបស់បងប្អូនប្រជាកសិករ ដែលជាពិសេស សម្រាប់ខេត្តព្រះវិហារ ដែលជាទីតាំងចម្បងនៃការផលិតស្រូវសរីរាង្គ និងជាទីតាំងដែលភាគច្រើនបំផុតនៃការផលិត គឺធ្វើទៅតាមកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍។ លើសពីការងារចុះពិនិត្យនិងទិញស្រូវពីបងប្អូនប្រជាកសិករ អេមរុរ៉ាយស៍តែងតែព្យាយាមរកគ្រប់វិធី ក្នុងការជួយស្រោចស្រង់ស្រូវរបស់បងប្អូនកសិករ តាមរយៈការសម្ងួត និងការងារបច្ចេកទេសផ្សេងៗផងដែរ។

ជាការពិត កិច្ចសន្យាកសិកម្ម គឺជាយន្តការមួយដែលសមស្រប និងជួយជំរុញក្នុងការដាំដុះ ការផ្គត់ផ្គង់ និងប្រភេទពូជដែលឆ្លើយតបទៅនឹងតម្រូវការ លក្ខខណ្ឌទីផ្សារជាពិសេស ប្រភេទស្រូវ និងដំណាំកសិផលសរីរាង្គ ហើយជាយន្តការមួយជួយធានា និងបង្កើនទំនុកចិត្តលើការដំាដុះរបស់ប្រជាកសិករផងដែរ។

តាមផែនការប្រចាំឆ្នាំ២០២១នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ គ្រោងនឹងទិញស្រូវសម្រាប់ប្រភេទអង្ករផ្កាម្លិះប្រណីត អង្ករសបាយទន់ប្រណីត អង្ករសែនក្រអូប អង្ករផ្កាម្លិះ និងអង្ករសរីរាង្គប្រណីត ក្នុងបរិមាណខ្ទង់២ម៉ឺនតោន ដែលក្នុងមួយថ្ងៃ អេមរុរ៉ាយស៍ ទទួលទិញពីកសិករជាមធ្យម១២០០តោន។ ចំពោះប្រភេទសរីរាង្គ អេមរុរ៉ាយស៍ បានផ្តល់តម្លៃពិសេសដល់ កសិករ ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥%ទៅ៣០% ឬយ៉ាងតិច ចន្លោះពី ១៧០ ទៅ២៥០រៀលក្នុង១គីឡូក្រាម ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា។

សហគមន៍ដែលចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន មិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ និងចំណូលនោះទេ តែពួកគាត់ថែមទាំងអាចទទួលបាននូវការបណ្តុះបណ្តាលពីក្រុមហ៊ុន លើជំនាញទន់ផ្សេងៗ និងការអនុវត្តជាក់ស្តែង ទាក់ទងទៅនឹង ស្តង់ដារសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង បច្ចេកទេសដាំដុះ ការធ្វើផែនការទិញលក់ សហគ្រិនភាព គោលគំនិតអាជីវកម្ម ការកត់ត្រាហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម។ កិច្ចការងារទាំងអស់នេះ គឺស្របទៅតាមគោលការណ៍ និងការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើអាជីវកម្មបរិយាប័ន្ន ការធ្វើអាជីវកម្មបែបទំនួលខុសត្រូវសង្គម និងការធ្វើអាជីវកម្មបែបស្មើភាព (Fair Trade) ជាដើម ដោយបញ្ចូលកសិករខ្នាតតូចទាំងអស់ជាដៃគូ ដោយផ្តល់ជូនពួកគាត់នូវអ្វីដែលលើសពីការដាំដុះស្រូវបែបប្រពៃណីដែលធ្លាប់ធ្វើ។

kmKH
en_USEN kmKH