• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

វគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ដល់បុគ្គលិកបម្រើការងារនៅក្រុមហ៊ុនអេមរុរ៉ាយស៍

ការផ្តល់ឱ្យបុគ្គលិកនូវចំណេះដឹងទូទៅបន្ថែម គឺជាគោលការណ៍ចម្បងមួយនៃសុវត្ថិភាពការងាររបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ ជាពិសេសគឺផ្នែកសង្រ្គោះបឋម ដើម្បីអាចឱ្យបុគ្គលិកមានការត្រៀមខ្លួនខ្ពស់ជាងមុនទៅលើសុវត្ថិភាពនៅកន្លែងធ្វើការ កាត់បន្ថយបញ្ហាគ្រោះថ្នាក់និងការរងរបួសដោយយថាហេតុនានា និងបង្កើននូវផលិតភាពការងារផងដែរ។

ដូច្នេះហើយ កាលពីថ្ងៃទី០៣ ដល់ទី០៥ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលស្តីអំពីការសង្រ្គោះបឋម ទៅដល់បុគ្គលិក១៥រូប ដែលបម្រើការងារទាំងសាខាភ្នំពេញ និងនៅសាខាខេត្ត ហើយធ្វើឡើងដោយមន្រ្តីជំនាញរបស់កាកបាទក្រហមកម្ពុជា ដោយការបណ្តុះបណ្តាលបានធ្វើឡើងតាមរយៈអនឡាញ។

នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្រ្គោះបឋមនេះ ក៏មានរួមបញ្ចូលនូវប្រធានបទការការពារកូវីដ១៩ផងដែរ ដែលនៅក្នុងបរិបទនាពេលបច្ចុប្បន្ននេះ សុវត្ថិភាពកន្លែងការងារ មិនអាចចោលជាដាច់ខាតនូវវិធានការ៣ការពារ និង៣កុំ ដើម្បីចៀសវាងនូវជំងឺកូវីដ១៩ ហើយជាក់ស្តែងវគ្គបណ្តុះបណ្តាលក៏ធ្វើឡើងតាមរយៈពីចម្ងាយ (អនឡាញ) ផងដែរ ដើម្បីចូលរួមការងារជំងឺកូវីដ១៩។

ជាមួយគ្នានេះ ប្រធានបទសំខាន់ៗនានានៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានដូចជា តួនាទីអ្នកសង្រ្គោះ គោលការណ៍គ្រឹះ សភាពស្ហុក មូលដ្ឋានគ្រឹះនៃការទ្រទ្រង់ជីវិត (សន្លប់បាត់បង់ស្មារតី វិបត្តិក្នុងការដកដង្ហើម CPR ខ្យល់គ គាំងបេះដូង លង់ទឹក) CPR មនុស្សពេញវ័យ CPR កុមារ CPR ទារក និងស្លាក់។ ចំពោះការថែទាំនៃការសង្រ្គោះបឋម បុគ្គលិកបានរៀនអំពីទ្រឹស្តី និងមើលពីការបង្ហាញនៃការអនុវត្តតាមរយៈវីដេអូ ដែលមានដូចជា ការថែទាំនៃការសង្រ្គោះបឋម ទៅលើរបួស ការហូរឈាម ការបាក់ឆ្អឹង ការលើកដាក់ និងការបញ្ជូនជនរងគ្រោះ។

kmKH
en_USEN kmKH