• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

អេមរុរ៉ាយស៍ គាំទ្រដល់កសិករតាមរយៈការបណ្តុះបណ្តាលពួកគេឱ្យអនុវត្តស្របតាមស្តង់ដារគុណភាពសរីរាង្គ និងបែបនិរន្តរភាព និងអនុវត្តទៅតាមគំរូនៃកសិកម្មបែបកសិកម្ម ដោយផ្តល់នូវតម្ហៃខ្ពស់ជាងតម្លៃទីផ្សារ និងគាំទ្រដល់ការធ្វើពាណិជ្ជកម្មបែបតម្លាភាព

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ខេមបូឌា បានទទួលការអញ្ជើញជាវាគ្មិនមួយរូប ក្នុងការធ្វើបទបង្ហាញអំពីគំរូនៃបរិយាប័ន្នធុរកិច្ច របស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ឆ្លើយតបទៅនឹងប្រធានបទ “ការផ្តល់ដំណោះស្រាយ នៅក្នុងបរិយាប័ន្នធុរកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការច្នៃប្រឌិត និងសកម្មភាពគោលនយោបាយ” នៅក្នុងវេទិកាធុរកិច្ច និងសិទ្ធិមនុស្សដែលទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិអាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈអនឡាញ ដែលវេទិកានេះ មានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ចែករំលែកអំពីសកម្មភាពការងារសំខាន់ៗ ដែលពាក់ព័ន្ធនឹងការធ្វើបរិយាប័ន្នធុរកិច្ច ហើយសម្រាប់ប្រទេសកម្ពុជា នៅក្នុងវេទិកាអន្តរជាតិរបស់អង្គការសហប្រជាជាតិអាស៊ី និងប៉ាស៊ីហ្វិកនេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្តីអំពីគោលនយោបាយសំខាន់ៗនៃការលើកកម្ពស់បរិយាប័ន្នធុរកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។

ចាប់ផ្តើមពីការបង្ហាញអំពីគំរូនៃបរិយាប័ន្នធុរកិច្ចដែលអេមរុរ៉ាយស៍បាននិងកំពុងធ្វើកន្លងមក ដែលជាពិសេសផ្តោតលើការគាំទ្រដល់កសិករខ្នាតតូចនៅកម្ពុជា តាមរយៈការធ្វើកសិកម្មតាមបែបកិច្ចសន្យា សម្រាប់ អេមរុរ៉ាយស៍ លោក សុង សារ៉ន ក្រុមហ៊ុនបានចូលរួមជាមួយកសិករខ្នាតតូច និងសហគមន៍របស់ពួកគេតាមរយៈកិច្ចព្រមព្រៀងមួយក្នុងការផ្គត់ផ្គង់អង្ករដែលមានគុណភាព សមស្របទៅតាមស្តង់ដារផលិតកម្មប្រកបដោយនិរន្តរភាព និងប្រកបដោយការគោរពទៅដល់បរិស្ថាន ដូចជាស្តង់ដារសរីរាង្គ ឬស្តង់ដារកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាព ហើយកសិករត្រូវបានបណ្តុះបណ្តាលលើស្តង់ដារទាំងនេះ ដើម្បីឱ្យពួកគេអនុវត្ត និងចូលរួមក្នុងការត្រួតពិនិត្យ និងតាមដានការអនុវត្តន៍របស់ពួកគេតាមរយៈប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

លោកបានឱ្យដឹងថា “អេមរុរ៉ាយស៍ ដើរតួនាទីជាអ្នកទិញដែលផ្តល់ទំនុកចិត្តដល់កសិករ និងផ្សារភ្ជាប់ពួកគេទៅទីផ្សារដែលធំទូលាយជាងមុន។ ពួកយើងក៏បានផ្សារភ្ជាប់ពួកគេ (កសិករ) ទៅនឹងស្ថាប័ន អង្គការ និងអ្នកផ្តល់សេវានានា ក្នុងការផ្តល់នូវការបណ្តុះបណ្តាល ដើម្បីពង្រីកបន្ថែមនូវចំណេះដឹងកសិកម្មរបស់ពួកគេ និង លទ្ធភាព ដែលឈានទៅដល់ការបញ្ជាក់គុណភាពគ្រាប់ពូជ ធាតុផ្សំនៃការធ្វើកសិកម្មសរីរាង្គ និងជំនួយបច្ចេកទេសផ្សេងៗ។ នៅក្នុងផ្នែកនៃការធ្វើពាណិជ្ជកម្ម សហគមន៍កសិកម្មត្រូវបានច្របាច់បញ្ចូលទៅក្នុងទម្រង់នៃ រដ្ឋ-ឯកជន-អ្នកផលិត ដែលអាចជួយដល់កសិករខ្នាតតូចក្នុងការចាប់យកនូវកិច្ចការងារក្រោយពេលច្រូតកាត់ (Post-Harvest) ដែលមានដូចជា ការហាលសម្ងួត ការស្តុកទុក និង ការលក់ដូរទ្រង់ទ្រាយធំ ដែលការណ៍ទាំងនេះ អាចជំរុញឱ្យពួកគេឈានទៅរកការទទួលបាននូវតម្លៃលក់ខ្ពស់ជាងមុន បន្ទាប់ពីរដូវកាលសម្រុកទិញស្រុកបានបញ្ចប់ដែលអាចធ្វើឱ្យតម្លៃស្រូវមានការធ្លាក់ចុះដល់ចំណុចទាបមួយ។ ដូច្នេះ ជារួម យើងសរុបមកបានថា សហគមន៍កសិកម្ម បានរៀនសូត្រអំពី ភាពជាសហគ្រិននៃកសិកម្ម។”

ឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួលទៅលើថាតើ តើការច្នៃប្រឌិតបង្កើតថ្មីប្រភេទណាដែលអេមរុរ៉ាយស៍បានអនុវត្ត ដើម្បីអាចរកប្រាក់ចំណេញបាន នៅពេលធ្វើការជាមួយទីផ្សារដែលមានប្រាក់ចំណូលទាបដូចជាកសិករខ្នាងតូចនេះ លោក សុង សារ៉ន បានបញ្ជាក់ថា៖ “ការច្នៃប្រឌិតបង្កើតថ្មីជាចម្បងរបស់យើង គឺបង្វែរទីផ្សារអង្ករសរីរាង្គ។ វាជាទីផ្សារពិសេសមួយដែលធ្វើឱ្យកសិករកម្ពុជាមានភាពប្រកួតប្រជែង ក្នុងការមិនប្រើប្រាស់ និងកាត់បន្ថយនូវការប្រើជីគីមី និងថ្នាំសម្លាប់សត្វល្អិត នៅលើវាលស្រែ។ វាក៏អាចជួយដល់ប្រទេសកម្ពុជា ក្នុងការក្លាយជាប្រទេសដែលផលិតផលិតផលបែបឯកទេស ដែលមានតម្លៃខ្ពស់នៅក្នុងពិភពលោក ប៉ុន្តែមានស្តង់ដារគុណភាពអាហារល្អនិងច្បាស់លាស់ជាងមុន។”

លោកបានបន្តថា អេមរុរ៉ានស៍បាននិងកំពុងបន្តកិច្ចការងាររបស់ខ្លួនលើការណែនាំដល់កសិករ និងពង្រីកការអនុវត្តការការពារបរិស្ថាន និងផលិតកម្មប្រកបដោយនិរន្តរភាព ពោលគឺការប្រើប្រាស់គ្រាប់ពូជសរីរាង្គ ជីកំប៉ុស និងជីកសិកម្មសរីរាង្គផ្សេងទៀត ការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព ការអនុវត្តភាពធន់នឹងអាកាសធាតុ។ ឧទាហរណ៍ យើងច្នៃប្រឌិតការប្រើប្រាស់កាកសំណល់អង្កាមជាជីសរីរាង្គដែលទីផ្សារបានប្រើ និងប្រើដោយកសិកររបស់យើងហើយយើងបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) លើការផលិតគ្រាប់ពូជស្រូវដែលបានបញ្ជាក់គុណភាព ដើម្បីផ្គត់ផ្គង់ដល់កសិករ។

ការបន្ថែមតម្លៃដល់ផលិតផលរបស់កសិករតាមរយៈការកែច្នៃស្រូវ ប្រកបដោយប្រសិទ្ធភាពជាងមុន សម្រាប់មុននឹងយកជាអង្ករទៅវេចខ្ចប់ ក៏ជាតម្រូវការមួយសំខាន់ផងដែរ។ ដូច្នេះក្រុមហ៊ុនរបស់យើងបានវិនិយោគដើម្បីកែលម្អកន្លែងកែច្នៃរបស់យើង ដូចជាម៉ាស៊ីនសម្ងួតមេកានិច ម៉ាស៊ីនកិនស្រូវ និងការវេចខ្ចប់ស្វ័យប្រវត្តិ ការត្រួតពិនិត្យផលិតផលឱ្យកាន់តែល្អជាងមុន ដូចជាម៉ាស៊ីនកាំរស្មីអ៊ិចសម្រាប់ផលិតផលអាហារទារក និងសមត្ថភាពផ្ទុកកាន់តែច្រើនតាមរយៈឡស្តុកស្រូវទំនើបទាន់សម័យ ដែលយើងទទួលបានតាមរយៈជំនួយរបស់ទីភ្នាក់ងារ USAID ។ យើងក៏បានសាកល្បងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់យើងលើបណ្តាញអគ្គិសនី។ ទន្ទឹមនឹងមធ្យោបាយកាន់តែប្រសើរជាងមុនទាំងនេះ យើងត្រូវពង្រឹងគោលនយោបាយនិងការអនុវត្តសុខភាព និងសុវត្ថិភាពបរិស្ថាន (EHS) របស់យើងផងដែរ ដោយយើងបានធ្វើការវាយតម្លៃ EHS នៃប្រតិបត្តិការរបស់យើង ហើយឥឡូវនេះយើងក៏មានផែនការគ្រប់គ្រងបរិស្ថានដើម្បីដោះស្រាយបញ្ហា EHS ។ បន្ថែមពីនេះ នៅចំពោះមុខនៃស្ថានការណ៍នៃជំងឺ Covid-19 យើងក៏បានបង្កើនការប្រើប្រាស់ឧបករណ៍ការពារនានា ក៏ដូចជាការអនុវត្តនូវការការពារផ្ទាល់ខ្លួន និងការអនុវត្តអនាម័យល្អប្រសើរនៅកន្លែងធ្វើការរបស់យើង។

កិច្ចការងារទាក់ទងនឹងការបង្កើតនូវអ្វីថ្មី និងប្រកបដោយភាពច្នៃប្រឌិតនេះ មិនអាចកើតឡើងបានទេ ប្រសិនបើមិនមានការគាំទ្រពីដៃគូសហការ ក្នុងគោលដៅតែមួយ ជាក់ស្តែង លោក សុង សារ៉ន បានឱ្យដឹងថា អេមរុរ៉ាយស៍កំពុងស្ថិតក្នុងដំណាក់កាលទី២ នៃការប្រើប្រាស់បច្ចេកវិទ្យា BlockChain ដើម្បីតាមដានប្រតិបត្តិការ និងអត្ថប្រយោជន៍របស់អ្នកផ្គត់ផ្គង់ដែលជាកសិកររបស់យើង ក្នុងភាពជាដៃគូជាមួយ Oxfam-Novib ។ អេមរុរ៉ាយស៍ ក៏ជាអ្នកគាំទ្រដ៏សំខាន់មួយ នៃវេទិកាស្រូវអង្ករប្រកបដោយនិរន្តរភាព ដែលត្រូវបានអនុវត្តដោយការសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក (IFC)។ ជាងនេះទៀត ក្រុមហ៊ុនក៏កំពុងបង្កើតភាពជាដៃគូជាមួយអង្គការអុកស្វាមកម្ពុជា នូវគំរូសេដ្ឋកិច្ចបៃតងនៅក្នុងតំបន់បឹងទន្លេសាប ហើយក៏បាននាំមកនូវការចូលរួមរបស់ជនជាតិដើមភាគតិចបន្ថែមទៀត តាមរយៈការពង្រីកប្រភពស្រូវសរីរាង្គនៅតំបន់ខ្ពង់រាបខេត្តមណ្ឌលគីរី ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលហូឡង់។ យើងក៏បានពង្រីកខ្លួនទៅជាដំឡូងមីសរីរាង្គចាប់តាំងពីឆ្នាំ ២០១៩ និង ឈានដល់ស្វាយចន្ទីសរីរាង្គ ដោយចាប់ដៃគូជាមួយក្រុមហ៊ុនសាន់តាណា សម្រាប់កែច្នៃគ្រាប់ស្វាយចន្ទី។

ក្រៅពីការធ្វើបទបង្ហាញនិងការពិភាក្សានានាអំពីតួនាទីរបស់អ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និងឯកជន ដែលសម្រាប់វិស័យឯកជន ជារួមគឺក្រុមហ៊ុនអេមរុរ៉ាយស៍ ជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំជាងគេនិងមានការទទួលស្គាល់នៅកម្ពុជានេះ កិច្ចពិភាក្សានៅក្នុងវេទិកានេះក៏មានក្តីសង្ឃឹមខ្ពស់ និងលើកទឹកចិត្តដល់គ្រប់តួអង្គភាគីទាំងអស់នឹងបន្តអនុវត្តនូវការតាំងចិត្តរបស់ខ្លួន ជាពិសេសនៅក្នុងកាលៈទេសៈនៃកូវីដ១៩ ដែលជាការពិត វិស័យកសិកម្មរងការប៉ះពាល់មិនសូវធ្ងន់ធ្ងរដូចវិស័យផ្សេងទៀត ដែលអាចបន្តនូវការកសាងភាពធន់ និងនិរន្តរភាពនៅក្នុងវិស័យមួយនេះបន្តទៅទៀត។

kmKH
en_USEN kmKH