• ផ្តល់ជូននៅអង្ករល្អប្រណីតរបស់កម្ពុជាទៅកាន់ពិភពលោក
  • ម៉ោងធ្វើការ ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច

កិច្ចប្រជុំចរចារតម្លៃគោលស្រូវសរីរាង្គ រវាងក្រុមហ៊ុនអេមរុរ៉ាយស៍ និងសហគមន៍កសិកម្មចំនួន១៥សហគមន៍ នៅខេត្តព្រះវិហារ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯការិយាល័យរបស់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ តំណាងក្រុមហ៊ុនអេមរុ រ៉ាយស៍ និងតំណាងសហគមន៍កសិកម្មទាំង១៥ នៅខេត្តព្រះវិហារ បានជួបចរចារតម្លៃគោលស្រូវសរីរាង្គ ដែលភាគីទាំងពីរបានចុះកិច្ចសន្យាកាលពីដើមរដូវ។ ក្រុមហ៊ុនអេមរុរ៉ាយស៍ គ្រោងនឹងទិញស្រូវសរីរាង្គប្រភេទផ្ការំដួល និងប្រភេទអង្ករស ក្នុងបរិមាណប្រហែល១៥០០០តោន ហើយអេមរុរ៉ាយស៍ បានផ្តល់តម្លៃពិសេសដល់ កសិករដែលដាំដុះស្រូវសរីរាង្គ ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥%ទៅ៣០% ឬយ៉ាងតិច ចន្លោះពី ១៧០ ទៅ២៥០រៀលក្នុង១គីឡូក្រាម ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា។

ការចរចារតម្លៃគោលស្រូវសរីរាង្គនេះ ទទួលបានការសម្របសម្រួលពីសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាដៃគូសហការរបស់អេមរុរ៉ាយស៍ ក្នុងការទទួលទិញស្រូវសរីរាង្គពីបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ទៅតាមកិច្ចសន្យាកសិកម្មដែលបានព្រមព្រៀងគ្នា។ ជាលទ្ធផល ខាងក្រុមហ៊ុន និងខាងសហគមន៍ បានឯកភាពគ្នា និងកំណត់កាលបរិច្ឆេទការទិញលក់ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា នេះតទៅ។

សហគមន៍ដែលចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន មិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ និងចំណូលនោះទេ តែពួកគាត់ថែមទាំងអាចទទួលបាននូវការបណ្តុះបណ្តាលពីក្រុមហ៊ុន លើជំនាញទន់ផ្សេងៗ និងការអនុវត្តជាក់ស្តែង ទាក់ទងទៅនឹង ស្តង់ដារសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង បច្ចេកទេសដាំដុះ ការធ្វើផែនការទិញលក់ សហគ្រិនភាព គោលគំនិតអាជីវកម្ម ការកត់ត្រាហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម។

គម្រោងស្រូវសរីរាង្គរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចាប់ផ្តើមនៅខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដែលដំបូងឡើយមានការចូលរួមពីសហគមន៍ចំនួន៨ ហើយគិតមកទល់ឆ្នាំ២០២០នេះ នៅខេត្តព្រះវិហារ មានសហគមន៍ចំនួន២២ ហើយដែលបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍។ ការចុះកិច្ចសន្យាកសិកម្មជាមួយនឹងសហគមន៍ នឹងជួយធានាបាននូវគុណភាពស្តង់ដារ និងទីផ្សារ សម្រាប់សហគមន៍ ក៏ដូចជាក្រុមហ៊ុនផ្ទាល់ ក្នុងនោះ ផលិតផលកសិកម្មសរីរាង្គររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ មានការទទួលបាន នូវការបញ្ជាក់គុណភាពស្តង់ដារសរីរាង្គ EU / NOP ជាដើម។

kmKhmer
en_USEnglish kmKhmer