• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

រោងម៉ាស៊ីនកិនស្រូវដំបូងគេបង្អស់នៅកម្ពុជាសាកល្បងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ

ក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice) នឹងចាប់ផ្តើមសាកល្បងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា) នៅក្នុងឃ្លាំងស្ដុកស្រូវរបស់ខ្លួន ដែលនេះគឺជាលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាហើយ ដែលរោងម៉ាស៊ីនកិនស្រូវមានបំពាក់នូវប្រព័ន្ធថាមពលសូឡាដំបូងគេបង្អស់នៅកម្ពុជា។

ការសាកល្បងប្រើប្រាស់ថាមពលនេះ នឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ នៅឯរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយ៍ ដែលមានទីតាំងស្ថិតនៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។  ប្រព័ន្ធសូឡានេះបានតម្លើងនៅលើដំបូលឃ្លាំងស្តុកស្រូវ នៅលើផ្ទៃដីប្រមាណជាង១០ហិកតា ជាមួយនឹងសមត្ថភាពផ្ទុកកម្លាំងថាមពល ចំនួន ២៦២  គីឡូវ៉ាត់ (KWP) ។

តាមការបញ្ជាក់ពីលោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍ បានអោយដឹងថាការសាកល្បងប្រើប្រាស់ប្រព័ន្ធថាមពលសូឡានេះ ធ្វើឡើងតាមរយៈគម្រោង Build Operate Transfer (BOT)  រវាងក្រុមហ៊ុន អេមរុរាយស៍ (Amru Rice)  និងក្រុមហ៊ុនតូតាល់។

គម្រោងនេះ គឺ Amru មិនមានការចំណាយប្រាក់ក្នុងការសាងសង់នោះទេ តែយើងបានផ្តល់ទីតាំងសម្រាប់ការតម្លើង និងគ្រាន់តែយើងទិញថាមពលពីក្រុមហ៊ុនផ្គត់ផ្គង់ ក្នុងរយៈពេលកំណត់ណាមួយ។ នៅពេលដែលក្រុមហ៊ុនទទួលបានប្រាក់ពីការលក់ថាមពលគ្រប់ចំនួនវិញហើយ នោះការដាក់ប្រព័ន្ធថាមពលផ្ទាំងសូឡានេះនឹងក្លាយជារបស់យើង (Amru) វិញ។

លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមរុរ៉ាយស៍

សូមបញ្ជាក់ផងដែរថា ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានតម្លើងដោយភ្ជាប់ (synchronize) ជាមួយនឹងថាមពលអគ្គិសនីរបស់រដ្ឋ ដែលមានការសុំច្បាប់ពីអគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា (EDC)ត្រឹមត្រូវ ពោលគឺមិនមែនជាការប្រើដាច់ដោយឡែកនោះទេ។

លោក កាន់ គន្ធី  បានឱ្យដឹងបន្តទៀតថា ការប្រើប្រាស់ប្រព័ន្ធថាមពលសូឡានេះ នឹងជួយជំរុញទៅដល់វិស័យកសិកម្មស្រូវអង្ករដូចជា ចំណាយរយៈពេលខ្លីជាងមុនក្នុងការកិន ក៏ដូចជាសម្ងួតស្រូវ និងជួយអោយសង្វាក់ផលិតកម្មផលិតបានលឿនទាន់តម្រូវការប្រើប្រាស់ទាំងក្នុងប្រទេស និងក្រៅប្រទេស ខណៈដែលពេលខ្លះ ការប្រើប្រាស់ថាមពលអគ្គិសនី នៅពេលដែលដាច់អគ្គិសនី វានឹងប៉ះពាល់ទៅដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល។

មួយវិញទៀតការប្រើប្រាស់ថាមពលដែលកកើតឡើងវិញនេះ គឺមិនមានការបំពុលបរិស្ថានដូចដែលការប្រើប្រាស់ធ្យូងថ្មនោះទេ ថាមពលដែលកកើតឡើងវិញនេះ នឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និង ឧស្ម័នកាបូនឌីអុកស៊ីតផងដែរ។  

បន្ថែមពីលើនេះ ការប្រើប្រាស់ប្រព័ន្ធថាមពលសូឡានេះក៏បានឆ្លើយតបទៅនឹងគោលដៅទី៧ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលផ្ដល់ជូននូវតម្លៃសមរម្យ និងថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។ ការប្រើប្រាស់ធ្យូងថ្ម បានបំភាយនូវឧស្ម័នផ្ទះកញ្ចក់ប្រមាណ៦០ភាគរយទៅកាន់ផែនដី។ ដូច្នេះហើយ ការប្រើប្រាស់ប្រព័ន្ធថាមពលសូឡានៅក្នុងវិស័យស្រូវអង្ករ មិនត្រឹមតែផ្គត់ផ្គង់ថាមពលបានតាមតម្រូវការនោះទេ ថែមទាំងជួយទៅដល់ផែនដីទៀតផង។

នាពេលអនាគតគម្រោងនៃការប្រើប្រាស់ប្រព័ន្ធថាមពលសូឡានេះ នឹងអាចពង្រីកសក្ដានុពលរបស់ខ្លួនបានច្រើនជាងមុន ដោយសារតែតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងវិស័យស្រូវអង្ករនៅកម្ពុជា មានកាន់ច្រើនឡើងៗ​ ហើយខណៈដែលពិភពលោកកំពុងមានការព្រួយបារម្ភខ្លាំងលើការប្រែប្រួលអាកាសធាតុ ដែលនេះជាកត្តាមួយចាំបាច់ត្រូវការការចូលរួមពីមនុស្សគ្រប់មជ្ឈដ្ឋានទាំងអស់។

en_USEnglish
kmKhmer en_USEnglish