• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

ទស្សនកិច្ចឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម និងប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លើការអនុវត្តកិច្ចសន្យាកសិកម្មស្រូវសរីរាង្គរវាងសហគមន៍និងក្រុមហ៊ុនអេមរុរ៉ាយស៍

អេមរុរ៉ាយស៍ មានសេចក្តីរីករាយជាខ្លាំងចំពោះវត្តមាន ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានអញ្ជើញចុះសិក្សាពីសក្តានុពល សកម្មភាពអនុវត្តកសិកម្មតាមកិច្ចសន្យា ទិញ-លក់ស្រូវសរីរាង្គរបស់សហគមន៌កសិកម្មភ្នំពេជ្របូរី ស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាសហគមន៍បានចុះកិច្ចសន្យាផ្គត់ផ្គត់ស្រូវសរីរាង្គជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍។

សហគមន៌ភ្នំពេជ្របូរី នេះមានសមាជិកសរុបចំនួន ២២៦គ្រួសារ ហើយក្នុងឆ្នាំ២០២០នេះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ លក់ស្រូវសរីរាង្គប្រភេទផ្ការំដួល និងស្រូវស ក្នុងបរិមាណស្រូវសរុប 1 163 100kg។

យោងតាមការផ្សាយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ តម្លៃស្រូវសរីរាង្គដែលក្រុមហ៊ុនអេមរុរ៉ាយស៍បានផ្តល់ជូនដល់សហគមន៍​ មានដូចតទៅ៖

– ស្រូវផ្ការំដួលសើម លេខ01=១២៧០៛/kg

– ស្រូវផ្ការំដួលសើម លេខ02 =១២២០៛/kg

– ស្រូវផ្ការំដួលស្ងួត លេខ01=១៥៥០៛/kg

– ស្រូវផ្ការំដួលស្ងួត លេខ02 =១៤៦០៛/kg

– ស្រូវស (ពូជក្នុងស្រុក) សើមលេខ០១=១១០០៛/kg

– ស្រូវស (ពូជក្នុងស្រុក) សើមលេខ០២=១០៦០៛/kg

– ស្រូវស (ពូជក្នុងស្រុក) ស្ងួតលេខ០១=១២២០៛/kg

– ស្រូវស (ពូជក្នុងស្រុក) ស្ងួតលេខ០២=១១៨០៛/kg

តាមផែនការប្រចាំឆ្នាំ២០២០នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ គ្រោងនឹងទិញស្រូវសរីរាង្គប្រភេទផ្ការំដួល និងប្រភេទស្រូវស ក្នុងបរិមាណប្រហែល១៥០០០តោន ហើយអេមរុរ៉ាយស៍ បានផ្តល់តម្លៃពិសេសដល់ កសិករដែលដាំដុះស្រូវសរីរាង្គ ដែលពួកគាត់ទទួលបានតម្លៃបន្ថែម ពី១៥%ទៅ៣០% ឬយ៉ាងតិច ចន្លោះពី ១៧០ ទៅ២៥០រៀលក្នុង១គីឡូក្រាម ពីលើតម្លៃទីផ្សារស្រូវក្នុងតំបន់ដែលឈ្មួញបានទិញ ដែលច្រើនជាងចំណូលទទួលបានពីការផលិតស្រូវធម្មតា។

គួរបញ្ជាក់ផងដែរថា កិច្ចសន្យាកសិកម្មរវាងក្រុមហ៊ុនអេមរុរ៉ាយស៍ និងសហគមន៍នេះ ទទួលបានការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាដៃគូសហការរបស់អេមរុរ៉ាយស៍ ក្នុងការទទួលទិញស្រូវសរីរាង្គពីបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ទៅតាមកិច្ចសន្យាកសិកម្មដែលបានព្រមព្រៀងគ្នា។

សហគមន៍ដែលចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន មិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ និងចំណូលនោះទេ តែពួកគាត់ថែមទាំងអាចទទួលបាននូវការបណ្តុះបណ្តាលពីក្រុមហ៊ុន លើជំនាញទន់ផ្សេងៗ និងការអនុវត្តជាក់ស្តែង ទាក់ទងទៅនឹង ស្តង់ដារសរីរាង្គ ប្រព័ន្ធសវនកម្មផ្ទៃក្នុង បច្ចេកទេសដាំដុះ ការធ្វើផែនការទិញលក់ សហគ្រិនភាព គោលគំនិតអាជីវកម្ម ការកត់ត្រាហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម។

គម្រោងស្រូវសរីរាង្គរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចាប់ផ្តើមនៅខេត្តព្រះវិហារ តាំងពីឆ្នាំ២០១៤ ដែលដំបូងឡើយមានការចូលរួមពីសហគមន៍ចំនួន៨ ហើយគិតមកទល់ឆ្នាំ២០២០នេះ នៅខេត្តព្រះវិហារ មានសហគមន៍ចំនួន២២ ហើយដែលបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍។

ការចុះកិច្ចសន្យាកសិកម្មជាមួយនឹងសហគមន៍ នឹងជួយធានាបាននូវគុណភាពស្តង់ដារ និងទីផ្សារ សម្រាប់សហគមន៍ ក៏ដូចជាក្រុមហ៊ុនផ្ទាល់ ក្នុងនោះ ផលិតផលកសិកម្មសរីរាង្គររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ មានការទទួលបាន នូវការបញ្ជាក់គុណភាពស្តង់ដារសរីរាង្គ EU / NOP ជាដើម។

en_USEnglish
kmKhmer en_USEnglish