• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

ទស្សនកិច្ចរបស់ឯកអគ្គរាជទូតអូស្រ្តាលី នៅរោងម៉ាស៊ីនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ

អេមរុរ៉ាយស៍ មានកិត្តិយស និងរីករាយជាខ្លាំង ដែលទទួលបាននូវការអញ្ជើញទស្សនកិច្ចរបស់ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ និងរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ។

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ បានទទួលស្វាគមន៍ឯកឧត្តមឯកអគ្គរាជទូត រួមជាមួយនឹង លោក Gary Ellem ប្រធានក្រុមការងារ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (កាវ៉ាក់) និងសហការី និងបានជំរាបជូនអំពីដំណើរការនៃខ្សែសង្វាក់ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវរបស់អេមរុរ៉ាយស៍ តាមប្រព័ន្ធទំនើបកម្ម និងស្របតាមស្តង់ដារអន្តរជាតិ។

បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ក៏បានអញ្ជើញទស្សនកិច្ចវាលស្រែបង្ហាញ ពូជផ្កាមាលតីរបស់អេមរុរ៉ាយស៍លើផ្ទៃដី១ហិកតា ដែលទទួលបានការគាំទ្រពីកាវ៉ាក់ផងដែរ។

ឯកឧត្តមឯកអគ្គរាជទូត និងក្រុមការងារ មានការចាប់អារម្មណ៍ខ្ពស់លើខ្សែសង្វាក់ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ ព្រមជាមួយនឹង ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី ដែលបាននិងកំពុងបន្តស្ថិតនៅលើផ្លូវវិជ្ជមានផងដែរ។

គួរបញ្ជាក់បន្ថែមផងដែរថា អេមរុរ៉ាយស៍ និងរដ្ឋាភិបាលប្រទេសអូស្រ្តាលីតាមរយៈកម្មវិធីកាវ៉ាក់ បានសហការគ្នា ចាប់ផ្តើមនៅឆ្នាំ២០១៨ ទៅលើផលិតកម្មកិច្ចសន្យាកសិកម្ម នៅក្នុងខេត្តកំពង់ធំ និងកំពង់ចាម ផ្តោតសំខាន់លើគុណភាពស្រូវនិរន្តរភាព។ អ្វីដែលជាការកត់សម្គាល់ដ៏ល្អប្រសើរនោះគឺ បរិមាណកិច្ចសន្យាស្រូវនិរន្តរភាព ដែលបានចុះកិច្ចសន្យាកើនឡើងពី ២០០០ តោន នៅឆ្នាំ ២០១៨ ដល់ ៣០០០ តោន នៅឆ្នាំ ២០១៩ ហើយ នៅឆ្នាំ ២០២០ បរិមាណដែលបានចុះកិច្ចសន្យាបានកើនឡើងដល់ ៥០០០ តោន។

en_USEnglish
kmKhmer en_USEnglish