• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

អបអរសាទរ ដល់សំណាកស្រូវសរីរាង្គ ដែលទទួលបានវិញ្ញាបនប័ត្របញ្ជាក់ស្តង់ដារ បន្ទាប់ពីការប្រមូលសំណាកយកទៅធ្វើតេស្ត

អេមរុររ៉ាយ៍ មានសេចក្តីរីករាយ  ចំពោះលទ្ធផលតេស្តគុណភាព ដែលទទួលបានជោគជ័យរបស់សំណាកស្រូវសរីរាង្គពីសហគមន៍ទាំង៦ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាសហគមន៍បានចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសរីរាង្គប្រភេទ  ប្រភេទផ្ការំដួល ប្រភេទម្លិះក្រហម  និងប្រភេទស្រូវសប្រណីត (នាងអុក នាងអំ) ដល់ក្រុមហ៊ុនអេមរុរ៉ាយ៍។ សហគមន៍ទាំង៦នេះ មានវិសាលភាពដាំដុះស្រូវសរីរាង្គ លើផ្ទៃដី ៧៩១ ហិកតា ហើយបើតាមការរំពឹងទុក ទិន្នផលនឹងទទួលបាន ២៣៧៥តោន នាខែវិច្ឆិកានេះ។

បន្ទាប់ពីការបញ្ជូនសំណាកស្រូវសរីរាង្គ ទៅធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ប្រទេសហូឡង់ រយៈពេលមួយសប្តាហ៍រួចមក ក្រុមហ៊ុន Control Union ដែលជាក្រុមហ៊ុនឯករាជ្យពីខាងក្រៅ ឬហៅថាភាគីទី៣ នៃការត្រួតពិនិត្យគុណភាពសំណាកស្រូវសរីរាង្គ ដែលត្រូវបានប្រមូលដោយផ្ទាល់ពីវាលស្រែ បានផ្តល់ដំណឹងជាផ្លូវការមកអេមរុរ៉ាយស៍កាលពីដើមសប្តាហ៍នេះថា សំណាកស្រូវសរីរាង្គទាំងអស់ ពិតជាបានអនុវត្តស្របតាមស្តង់ដារសរីរាង្គរបស់ EOS / EU និង NOP ហើយក្រុមហ៊ុននឹងចេញវិញ្ញាបនបត្របញ្ជាក់ជូន។

សូមបញ្ជាក់ផងដែរថា ការត្រួតពិនិត្យគុណភាពស្រូវសរីរាង្គនេះ មានដូចជា ការត្រួតពិនិត្យលើការប្រើប្រាស់ធាតុចូលដែលស្តង់ដារបានហាមឃាត់ដូចជា ថ្នាំពុលគីមី ថ្នាំបាញ់សម្លាប់ស្មៅគីមី និងជីគីមីទៅក្នុងស្រែ និងដំណាំស្រូវ ត្រួតពិនិត្យលើប្រព័ន្ធធារាសាស្ត្រ ឬលំហូរទឹក ការប៉ាន់ប្រមាណទិន្នផល ការស្តុកស្រូវ ការដឹកជញ្ជូនស្រូវស្ងួត ប្រព័ន្ធតាមដានសម្ភារៈវេចខ្ចប់ស្រូវ និងលទ្ធកម្មស្រូវ ការទិញលក់ស្រូវជាដើម។ រាល់ធាតុចូល សម្ភារៈប្រើប្រាស់ ក្នុងសកម្មភាពការងារដាំដុះស្រូវ គឺត្រូវគោរពតាមវិធានផ្ទៃក្នុង និងស្តង់ដារសរីរាង្គនៃ EOS / EU និង NOP Standard ។

ថ្មីៗនេះ អង្គការសហប្រជាជាតិក៏បានចេញនូវរបាយការណ៍ដែលបានរំលេចអំពីបញ្ហាប្រឈមរបស់ការធ្វើកសិកម្មស្រូវរបស់កម្ពុជា ដែលក្នុងនោះ ក៏បានលើកឡើងអំពីសក្តានុពលក្នុងការបង្កើនចំណូលរបស់កសិករពីផលិតផលកសិកម្មសរីរាង្គផងដែរ។

ជាមួយគ្នានេះ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ បានផ្តល់បទសម្ភាសន៍ជូនកាសែតខ្មែរថាមស៍កាលពីសប្តាហ៍មុននេះថា ខណៈដែលចំណែកទីផ្សារសម្រាប់ផលិតផលសរីរាង្គរបស់កម្ពុជា នៅមានភាពនឹងនរនៅឡើយ កសិករខ្នាតតូចក្នុងស្រុកអាចរកចំណូលបានច្រើនជាងមុន ពីការអនុវត្តនូវគំរូនិរន្តរភាព។ ជាក់ស្តែង  នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មានស្រូវសរីរាង្គជាង ២ ម៉ឺនតោន ដែលអាចកិនជាអង្ករសរីរាង្គបានប្រមាណ ១ម៉ឺនតោន ក្នុងនោះ ៩០ ភាគរយ នៃអង្ករសរីរាង្គដែលបានផលិត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

“ពួកយើងបានចាប់ដៃគូសហការ ជាមួយពួកគាត់ (កសិករខ្នាតតូច) ក្នុងការធ្វើយ៉ាងណាកុំឱ្យពួកគាត់ជួបបញ្ហាប្រឈម និងបោះបង់ចោលការដាំដុះ។ ប្រសិនបើយើងមិនជួយពួកគាត់ ពួកគាត់នឹងមិនអាចគេចផុតពីភាពក្រីក្រឡើយ។ ដូច្នេះហើយ ពួកយើងកំពុងតែព្យាយាមផ្តល់ឱ្យពួកគាត់នូវឱកាសក្នុងការធ្វើពិពិធកម្មការដាំដុះរបស់ពួកគាត់ក្រៅពីស្រូវផងដែរ ហើយក្នុងនោះ យើងក៏បានជំរុញឱ្យពួកគាត់ បោះជំហានទៅកាន់ការផលិតផលិតផលកសិកម្មសរីរាង្គ”។

ឧកញ៉ា សុង សារ៉ន ជាមួយនឹងការលើកឡើងអំពីកិច្ចសហការរវាងក្រុមហ៊ុនអេមរុរ៉ាយស៍ និងកសិករ លើការផលិតស្រូវសរីរាង្គ ដែលស្របតាមស្តង់ដារ និងប្រកបដោយប្រាក់ចំណេញ ជាមួយនឹងនិរន្តរភាព។

គួរបញ្ជាក់ផងដែរថា គម្រោងស្រូវសរីរាង្គរបស់អេមរុរ៉ាយស៍ គឺជាគម្រោងមួយដែលស្ថិតនៅក្រោម គម្រោងបច្ចេកវិទ្យាស្រូវកម្ពុជា (Rice TechCambodia)។ Rice TechCambodia (RTC) គឺជាគំនិតផ្តួចផ្តើមឯកជន-សាធារណៈដែលមានគោលបំណងលើកកម្ពស់សង្វាក់តម្លៃស្រូវសរីរាង្គ នៅក្នុងប្រទេសកម្ពុជាដែលនាំឱ្យមានការរីកចម្រើនសម្រាប់កសិករខ្នាតតូច។ អេមរុរ៉ាយស៍គឺជាដៃគូមួយ ក្នុងចំណោមដៃគូដែលពាក់ព័ន្ធក្នុងការចូលរួមអនុវត្តគម្រោងនេះ ដែលរួមមាន Sano Rice អង្គការ Oxfam នៅកម្ពុជា អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព (DPA) Larive International និងមន្ទីរកសិកម្មខេត្តមណ្ឌលគីរី។ គម្រោងនេះត្រូវបានគាំទ្រថវិកាដោយ ភ្នាក់ងារសហគ្រាសហូល្លង់ (NEA)តាមរយៈក្របខ័ណ្ឌនៃ “ភាពជាដៃគូនៃគោលដៅអភិវឌ្ឍន៍សង្គម” (SDGP)។

en_USEnglish
kmKhmer en_USEnglish