• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

កិច្ចសន្យាកសិកម្ម ជំរុញដល់កសិករបង្កើនការយកចិត្តទុកដាក់ផលិតពូជស្រូវសែនក្រអូប

ក្តីរំពឹងក្នុងការបង្កើននូវទិន្នផលដាំដុះ ក៏ដូចជាលើកកម្ពស់ជីវភាពសមាជិក ដែលជាអ្នកផលិតស្រូវសែនក្រអូប របស់សហគមន៍កសិកម្ម ឃុំកំពង់ព្រៀង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការខិតខំបង្កើនការយកចិត្តទុកដាក់ លើការផលិតពូជស្រូវសែនក្រអូប ដែលជាពូជសុទ្ធ ក្នុងការបន្តយកទៅផលិតស្រូវនិរន្តរភាព (Sustainable Rice Platform) ក្រោមកិច្ចសន្យាកសិកម្មរវាងសហគមន៍កសិកម្មមួយនេះ និងក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice)។

មានទីតាំងស្ថិតនៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង សហគមន៍កសិកម្មឃុំកំពង់ព្រៀង បានចាប់ដៃគូចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយសម្រាប់នៅឆ្នាំថ្មីនេះ កិច្ចសន្យាកសិកម្មត្រូវបានចុះនៅខែកក្កដានេះ ក្នុងការផ្គត់ផ្គត់ស្រូវចំណីសែនក្រអូប ចំនួនប្រមាណ ៤០០០តោន ដល់ក្រុមហ៊ុន Amru Rice។ បើនិយាយពីប្រវត្តិរបស់សហគមន៍មួយនេះ គឺជាសហគមន៍ដែលបានចាប់កំណើតនៅក្នុងឆ្នាំ២០១២ ជាមួយនឹងសមាជិកដំបូង៧៤នាក់ ហើយមកទល់សព្វថ្ងៃ គឺមានសមាជិក២៤៦នាក់។ ចំពោះវិសាលភាពនៃផ្ទៃដីដាំដុះរបស់សហគមន៍មួយនេះគឺមាន១៦០០ហិកតា ដោយផ្តោតលើស្រូវសែនក្រអូប និងស្រូវស្រង៉ែ។

លោក យ៉ាំង ធី ប្រធានសហគមន៍កសិកម្មឃុំកំពង់ព្រៀង នៅក្នុង ពិធីចុះកិច្ចសន្យាកសិកម្ម ក្នុងការផលិតនិងផ្គត់ផ្គត់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនអេមរុរ៉ាយស៍ និងសហគមន៍ចំនួន៨ កាលពីខែកក្កដា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

គួររំរលឹកផងដែរថា សហគមន៍កសិកម្មឃុំកំពង់ព្រៀង គឺជាសហគមន៍កសិកម្មមួយក្នុងចំណោម៨សហគមន៍ ដែលបានចុះកិច្ចសន្យាលើផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនិរន្តរភាព (SRP) ដល់ក្រុមហ៊ុន អេមរុរ៉ាយ (AMRU Rice) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលមានសមាជិកជាកសិករផលិតស្រូវសែនក្រអូប និងស្រូវផ្ការំដួលប្រមាណចំនួនជិត១០០០គ្រួសារ នៅក្នុងខេត្តបាត់ដំបង។ សហគមន៍ទាំង៨នេះមានវិសាលភាពផលិតស្រូវបានចំនួន ១៨០០០តាន លើផ្ទៃដីដែលអាចដាំដុះ ស្រូវពូជសែនក្រអូប និង​ផ្ការំដួលចំនួន ៤៥៤៤ហិតា។

ស្រូវសែនក្រអូប កំពុងដាំដុះនៅវាលស្រែរបស់សហគមន៍ឃុំកំពង់ព្រៀង

បើតាមការបញ្ជាក់ពីប្រធានសហគមន៍ឃុំកំពង់ព្រៀង លោក យ៉ាំង ធី បន្ទាប់ពីការចុះកិច្ចសន្យាកសិកម្ម សហគមន៍កសិកម្មឃុំកំពង់ព្រៀងរបស់លោក បាននិងកំពុងចាប់ផ្តើមផលិតពូជគ្រឹះស្រូវសែនក្រអូប ក្នុងបរិមាណ២៤០គីឡូ លើផ្ទៃដី៤ហិកតា។ លោកបានបញ្ជាក់បន្ថែមអំពីការធ្វើពូជគ្រឹះស្រូវសែនក្រអូបនេះថា “ដោយសារទីផ្សារគេទាមទារស្រូវចំណីដែលមានគុណភាពសម្រាប់ការនាំចេញ អញ្ចឹងខាងគម្រោងដែលចុះចែកពូជគ្រឹះ នេះគឺដើម្បីពង្រឹងលើស្រូវចំណី SRP នេះ អញ្ចឹងនៅឆ្នាំនេះ យើងខ្ញុំមានវិធីសាស្រ្តក្នុងការធ្វើយ៉ាងម៉េចឱ្យពូជគ្រឹះនេះ ទៅដល់ដៃសមាជិកគ្រប់ៗគ្នា ហើយដូច្នេះ ពួកខ្ញុំបានពិភាក្សាទម្លាក់តម្លៃធ្វើម៉េចឲ្យទាប ដើម្បីអាចឱ្យកសិករដែលជាសមាជិកអាចមានលទ្ធភាពទិញយកទៅបាន បើទោះជាសហគមន៍ចំណេញតិចក៏ដោយ ព្រោះកន្លងមក ពួកខ្ញុំធ្វើពូជលក់ក្នុងមួយតោន២លាន៥០ម៉ឺនរៀល ទៅ២លានចិតសិបម៉ឺនរៀល  ប៉ុន្តែឥលូវនេះ កំពុងសិក្សាថា លក់ក្នុងតម្លៃ តតែមួយលានប៉ែត្រសិបម៉ឺនរៀលបានហើយ។ ដូច្នេះសមាជិកអាចមានលទ្ធភាពទិញយកទៅប្រើប្រាស់ ពេលនោះអង្ករដែលធ្វើបាននឹងមានគុណភាព”។

សកម្មភាពនៃការផលិតពូជគ្រឹះស្រូវសែនក្រអូប របស់សហគមន៍កំឃុំពង់ព្រៀង

លោក កង ឃឿង ប្រធានគម្រោងផ្នែកចុះកិច្ចសន្យាកសិកម្ម និងស្រូវនិរន្តរភាព របស់ក្រុមហ៊ុនអេមរុរ៉ាយស៍បានឲ្យដឹងថា ​ពូជគ្រឹះរបស់ស្រូវសែនក្រអូប ដែលខាងសហគមន៍ឃុំកំពង់ព្រៀងបាននិងកំពុងផលិតនេះ នឹងត្រូវយកទៅដាំដុះលើផ្ទៃដី ចំនួន២០០ហិចតា ដែលជាគ្រាប់ពូជវិញ្ញាបនបត្រ ហើយក្នុងនោះ គឺរំពឹងថាបានទិន្នផល៨០០តោន។ បន្ទាប់ពីនោះ ពូជវិញ្ញាបនបត្រ នឹងត្រូវយកទៅដាំដុះជាស្រូវចំណីលើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា។

កិច្ចសន្យាកសិកម្ម គឺជាស្ពានក្នុងការចាប់ផ្តើមនៃការកសាងទំនុកចិត្តរវាង សហគមន៍កសិកម្ម និងរោងម៉ាស៊ីនកិនស្រូវ/ក្រុមហ៊ុននាំចេញ ដើម្បីបង្កើតទីផ្សារស្រូវមួយដែលមាននិរន្តរភាពពិតប្រាកដសម្រាប់ប្រជាកសិករ ក៏ដូចជារោងម៉ាស៊ីនកិនស្រូវដែលអាចទទួលបាននូវស្រូវដែលមានគុណភាពខ្ពស់សម្រាប់នាំចេញផងដែរ។

លោក កង ឃឿង ប្រធានគម្រោងផ្នែកចុះកិច្ចសន្យាកសិកម្ម និងស្រូវនិរន្តរភាពរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍

“កិច្ចសន្យាកសិកម្មពិតជាសំខាន់ណាស់សម្រាប់សហគមន៍ ក៏ដូចជាក្រុមផលិតរបស់សហគមន៍ កន្លងមកមានឈ្មួញកណ្តាលមកដេញតម្លៃថ្លៃ នៅតាមភូមិ ពេលប្រមូលផល ដល់ពេលយើងមានកុងត្រា យើងមានតម្លៃថេរ ហើយមានតម្លៃបន្ថែមអញ្ចឹង ឈ្មួញកណ្តាលគាត់មិនហ៊ានដេញថ្លៃគំរាមសហគមន៍ដូចពីមុនទេ ដែលកាលមុនគាត់ច្រើនតែមកទិញមួយឡានពីឡាន ហើយឈប់មកទិញហើយ ដើម្បីគំរាមសហគមន៍។​ សហគមន៍គាត់ថា ពួកឈ្មួញកណ្តាលបានតែមកបង្អើលម្តងៗទេ តែពេលយើងធ្វើកិច្ចសន្យាអញ្ចឹង គឺតម្លៃបាននឹងល្អ។ នៅក្នុងទំនុកទុកចិត្តរបស់សហគមន៍ ឃើញថា ងាយស្រួលគ្រប់គ្រងគាត់ ហើយក៏ចំណេញដល់ពួកគាត់ទៀត នៅក្នុងមួយឆ្នាំៗ គិតទៅមួយឆ្នាំ២០០០តោន ហើយឆ្នាំមុនៗគឺ ១០ដុល្លារក្នុងមួយតោន។”

លោក យ៉ាំង ធី ប្រធានសហគមន៍កសិកម្មឃុំកំពង់ព្រៀង

បន្ថែមពីលើនេះ ចំពោះសារៈសំខាន់នៃការចុះកិច្ចសន្យាកសិកម្មដែលផ្តល់ដល់ក្រុមហ៊ុននាំចេញ/រោងម៉ាស៊ីន ត្រូវបាន លោក កង ឃឿង បង្ហាញការយល់ឃើញថា វាអាចធានាបាននូវការផ្គត់ផ្គង់ដែលមានលក្ខណៈនិរន្តរភាព ធានានូវគុណភាពស្រូវអង្ករ ពង្រឹងការទទួលខុសត្រូវលើគុណភាពផលិតផល បង្កើនទំនុកចិត្តដល់កសិករ និងងាយស្រួលក្នុងការផ្តល់បច្ចេកដល់កសិករដើម្បីអោយមានការកែប្រែទៅកសិកម្មឆ្លាតវៃ  បង្កើនផលិតភាព (ជម្រុញការផលិតគ្រាប់សុទ្ធល្អបានច្រើន) ដើម្បីពង្រីកការនាំចេញនូវគ្រាប់អង្ករសុទ្ធអោយត្រូវតាមស្តង់ដារអន្តរជាតិ មានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ដំណើរការផលិតនិងផ្គត់ផ្គង់អោយទីផ្សារ ល។ល

គួរបញ្ជាក់ថា ការផលិតពូជគ្រឹះនេះ មានការគាំទ្រលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេសច្រើនពីមន្ទីរកសិកម្មខេត្តបាត់ដំបង  វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) ដែលក្នុងនោះរួមមានទាំងការបង្ហាត់បង្ហាញ ការតាមដាន និងវាយតម្លៃជាដើម។

សកម្មភាពបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងទីផ្សារ ទៅដល់សហគមន៍ឃុំកំពង់ព្រៀង

សូមបញ្ជាក់ផងដែរថា បើនិយាយពីលក្ខណៈពិសេសរបស់ស្រូវសែនក្រអូប​ វាគឺជាប្រភេទពូជស្រូវក្រអូបមិនប្រកាន់រដូវ​ និងជាពូជមួយក្នុងចំណោមពូជស្រូវដែលទទួលបានជោគជ័យជាងគេ ដោយសារតែវាជាអង្ករបាយទន់ ក្រអូប និងមានលក្ខណៈរូបរាងល្អ ជាពិសេសគឺទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅបរទេស ដែលជាក់ស្តែង ការនាំចេញអង្ករប្រភេទសែនក្រអូបរបស់កម្ពុជាទៅកាន់ទីផ្សារបរទេសនៅរយៈពេល៩ខែ នៃឆ្នាំ២០២០នេះ មានបរិមាណជាង១០ម៉ឺនតោន ក្នុងចំណោម ជិត៤៩ម៉ឺនតោននៃអង្ករសរុប។

រូបភាពវាលស្រែ (ពីហ្វេសប៊ុកផេក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
en_USEnglish
kmKhmer en_USEnglish