• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

អេមរុរ៉ាយស៍ ជួយប្រមូលទិញស្រូវសើមពីកសិករ ខណៈពេលមានបញ្ហាទឹកជំនន់

ខណៈពេលដែលគ្រោះទឹកជំនន់បាននិងកំពុងបន្តជន់លិចយ៉ាងគំហុក នៅតាមបណ្តាខេត្តមួយចំនួន ជាក់ស្តែងនៅខេត្តបាត់ដំបងនេះ វាបានបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅដល់ដំណាំស្រូវរបស់ប្រជាកសិករ។  

ជាការចូលរួមក្នុងស្មារតីខ្មែរជួយខ្មែរ រោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍  នៅខេត្តបាត់ដំបង (ទីតាំងនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង) ចាប់ផ្តើមពីថ្ងៃម្សិលមិញនេះ បានជួយប្រមូលទិញស្រូវសើមសែនក្រអូប របស់ប្រជាកសិករក្នុងបរិមាណ៦០ ទៅ៧០ គោយន្ត (គិតជាទម្ងន់ប្រមាណ៨០តោន)។ ចំពោះតម្លៃដែលខាងរោងម៉ាស៊ីនអាចទទួលទិញបានគឺទៅតាមស្ថានភាពជាក់ស្តែងនៃស្រូវ ពោលគឺអាចក្នុងចន្លោះតម្លៃ ៩០០រៀល ទៅ១០០០រៀល ដែលខុសគ្នាទៅតាមគុណភាព​ ពោលគឺគុណភាពលេខ១ តម្លៃ១០៥០រៀល លេខ២ តម្លៃ១០០០រៀល លេខ៣ តម្លៃ៩៥០រៀល និងលេខ៤ តម្លៃ៩០០រៀល។

ជាការពិត តម្លៃដែលរោងម៉ាស៊ីនអាចទទួលទិញគឺអាស្រ័យទៅលើកម្រិតនៃគុណភាព ជាក់ស្តែង ស្រូវសើមដែលលិចត្រាំក្នុងទឹក វាមានសភាពជក់ទឹកធ្ងន់ ហើយគុណភាពក៏ប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងដែរ ជារួម ការខាតបង់ គឺអាចស្ថិតក្នុងរង្វង់២០ ទៅ៣០ភាគរយ។

គួរបញ្ជាក់ផងដែរថា បន្ថែមពីការទិញពីកសិករ រោងម៉ាស៊ីនក៏បានជួយទិញស្រូវពីសហគមន៍ និងពីឈ្មួញផ្សេងៗផងដែរ ដែលគិតជាបរិមាណសរុបទាំងអស់ ប្រហែលជា១៥០តោនក្នុងមួយថ្ងៃ។

ស្ថិតក្នុងស្ថានភាពបន្ទាន់បែបនេះ អ្វីដែលរោងម៉ាស៊ីនអាចជួយបាន គឺទៅតាមលទ្ធភាព គុណភាពជាក់ស្តែង និងតម្លៃសមរម្យ ទោះបីជាការទិញនេះអាចប្រឈមមុខនឹងការខាតបង់ក៏ដោយ។ 

ដូចនឹងការបញ្ជាក់របស់ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា​ និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ពេលផ្តល់បទសម្ភាសន៍ជូនសារព័ត៌មាននាពេលថ្មីៗនេះថា ការប្រមូលទិញស្រូវពីកសិករនៅក្នុងកាលៈទេសៈនេះ រោងម៉ាស៊ីនភាគច្រើនគឺមិនចំណេញទេ ដោយមើលតាមតម្លៃទីផ្សារអន្តរជាតិបច្ចុប្បន្ន ទីផ្សារអង្ករមានការធ្លាក់ចុះខ្លាំង តែយើងនៅតែចូលរួមជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យមួយដដែល។ លោកឧកញ៉ា ក៏បានកោតសរសើរដល់រោងម៉ាស៊ីន និងក្រុមហ៊ុនជាច្រើន ដែលបន្តទិញស្រូវពីបងប្អូនប្រជាកសិករក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។ 

បើតាមលោក ឃី ឆៃវ៉ាត់ ប្រធានគ្រប់គ្រងទូទៅ នៃរោងម៉ាស៊ីនអេមរុរ៉ាយស៍ ខេត្តបាត់ដំបង បានឱ្យដឹងថា “ប្រជាកសិករគាត់ត្រេកអរខ្លំាង ដែលខាងរោងម៉ាស៊ីនបានទទួលទិញស្រូវរបស់ពួកគាត់ ដោយហេតុថា ទឹកភ្លៀងនៅបន្តធ្លាក់ ហើយទឹកជំនន់នៅមិនបានស្រកទៅវិញ ដែលធ្វើឱ្យពួកគាត់ពិបាកក្នុងការហាលស្រូវដែលច្រូតរួច ព្រោះមិនមានថ្ងៃ ហើយមួយវិញទៀត បើសិនជាច្រូតហើយ ក៏មិនមានកន្លែងទុកដែរ ដោយសារតែទឹកជំនន់លេចគ្រប់ទីកន្លែង នៅក្នុងស្រុកភូមិទៅហើយ។”

រោងម៉ាស៊ីនអេមរុរ៉ាយស៍នឹងបន្តចូលរួមជួយទិញស្រូវរបស់កសិករ ទៅតាមលទ្ធភាព និងគុណភាព និងក្នុងតម្លៃសមរម្យ។ បងប្អូនប្រជាកសិករ ដែលមានទីតាំងនៅជិតរោងម៉ាស៊ីន អាចទំនាក់ទំនងមករោងម៉ាស៊ីនបាន តាមរយៈលេខទូរស័ព្ទរបស់លោក ឃី ឆៃវ៉ាត់ផ្ទាល់  077 92 93 93 ។

en_USEnglish
kmKhmer en_USEnglish