• SERVING YOU THE WORLD'S FINEST RICE
  • Office Hour: 08:00am - 5:30pm

“និរន្តរភាពនៃធុរកិច្ច នៅក្នុងវិស័យស្រូវអង្ករកម្ពុជា” ពីអគ្គនាយក អេមរុរ៉ាយស៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣ ស្តីពីធុរកិច្ចរួមបញ្ចូល

“ការងាររបស់អេមរុ ផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពរបស់កសិករ។ ខ្ញុំជឿជាក់ថា  វាជាការងារទំនួលខុសត្រូវសង្គមមួយ (CSR) ដោយហេតុថា វាកាន់តែបង្កើតការងារជានិរន្តរភាព និងនាំឱ្យខ្សែចង្វាក់ផ្គង់ផ្គង់កាន់តែកើនឡើងទៅកាន់សកលលោក។ ”

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ បានចូលរួមជាវាគ្មិនមួយរូបរបស់ប្រទេសកម្ពុជា នៅក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣ ស្តីពីធុរកិច្ចរួមបញ្ចូល ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈអនឡាញ ក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលអនាគត នៅក្នុងធុរកិច្ចរួមបញ្ចូល បែបប្រព័ន្ធអេកូស៊ីស្ទឹម (Ecosystem) នៅក្នុងអាស៊ាន។

ជាមួយនឹងការធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព ជាពិសេសក្នុងវិស័យកសិកម្ម ស្រូវអង្ករនេះ ​លោកឧកញ៉ា សុង សារ៉ន បានចែករំលែកទស្សនៈ ស្តីពីយុទ្ធសាស្រ្តនៃការស្វែងរកផលិតផលពិសេស និងស្វែងរកទីផ្សារពិសេស ដែលក្នុងនោះលោកជឿជាក់ថា វាគឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការកសាងអេមរុរ៉ាយស៍ ឱ្យក្លាយជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ គឺជាព្រឹត្តិការណ៍ប្រមូលផ្ដុំគ្នា តាមរយៈវេទិកាឌីជីថលដែលមានការចូលរួមពីអ្នកតំណាងមកពីប្រព័ន្ធធុរកិច្ចបែបអេកូស៊ីស្ទឹម (Ecosystem) នៅក្នុងអាស៊ាន។ ឧកញ៉ា សុង សារ៉ន តំណាងជាវាគ្មិនមួយរូបរបស់កម្ពុជា មិនត្រឹមតែបានចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកទស្សនៈវិស័យដ៏ទូលំទូលាយ លើព្រឹត្តិការណ៍សំខាន់ៗ នៃវិស័យស្រូវអង្ករកម្ពុជា ដោយជាក់ស្តែង ដូចជាការផ្លាស់ប្តូរទៅជាការធ្វើទំនើបកម្ម ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករកម្ពុជាទាំងមូលជាដើម។

អេមរុរ៉ាយស៍បានជួយលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជា តាមរយៈការកសាងនូវកេរ្តិ៍ឈ្មោះដ៏ល្អ ក្នុងការប្រមូលផ្តុំនូវកសិករចូលរួមនៅក្នុងខ្សែចង្វាក់ផលិតកម្ម។ នៅក្នុងឆ្នាំ២០២០ មានកសិករប្រហែល១ម៉ឺនគ្រួសារ បានចូលរួមជាមួយនឹងអេមរុ ដែលចែកជា២ផ្នែក ទីមួយគឺការផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ ដែលមានកសិករប្រហែល ៦០០០គ្រួសារ និងទីពីរគឺ កម្មវិធីស្រូវនិរន្តរភាព ដែលមានប្រហែល ៤០០០ គ្រួសារ​។ នេះគឺភាពជោគជ័យនៃការកើនឡើងមួយដ៏គួរឱ្យកត់សម្គាល់ ដែលកាលពីឆ្នាំ២០១៤ នៃពេលចាប់ផ្តើមគម្រោងដំបូង គឺមានកសិករត្រឹមតែ១០០គ្រួសារ ប៉ុណ្ណោះ។ ត្រលប់ទៅរំលឹកនៅឆ្នាំ២០១៤វិញបន្តិច លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា ក្រុមហ៊ុនអេមរុរ៉ាយស៍បានកសាងទំនាក់ទំនងមួយល្អ ដោយព្យាយាមផ្សារភ្ជាប់ទីផ្សារសម្រាប់កសិករខ្នាតតូច ដើម្បីផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គតាមស្តង់ដារសហគមន៍អឺរ៉ុបនិងស្តង់ដារសរីរាង្គអឺរ៉ុប។

ជាងនេះទៅទៀត រហូតមកទល់បច្ចុប្បន្ននេះ អេមរុ បាននិងកំពុងតែវិនិយោគ និងពង្រីកនូវសក្តានុពលទៅដល់តំបន់នៅតាមជនបទ ជាពិសេស ខេត្តក្រីក្រនៅតំបន់ខ្ពស់រាប ក្នុងប្រទេសកម្ពុជា។ ការងាររបស់អេមរុ កំពុងតែខិតជិតទៅរកយន្តការ 4Ps ដែលរួមមាន រដ្ឋ ឯកជន អ្នកផលិត និងភាពជាដៃគូ។

នៅក្នុងបទបង្ហាញនេះដែរ លោកឧកញ៉ា សារ៉ន ក៏បានលើកឡើងអំពីការប្រមូលផ្តុំកសិករ នៅក្នុងកិច្ចសន្យាកសិកម្ម ថា ៖ “ការងាររបស់អេមរុ ផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពរបស់កសិករ។ ខ្ញុំជឿជាក់ថា  វាជាការងារទំនួលខុសត្រូវសង្គមមួយ (CSR) ដោយហេតុថា វាកាន់តែបង្កើតការងារជានិរន្តរភាព និងនាំឱ្យខ្សែចង្វាក់ផ្គង់ផ្គង់កាន់តែកើនឡើងទៅកាន់សកលលោក។ ”

Block chain ក៏ជារបៀបវារៈមួយដែលត្រូវបានលើកឡើងនៅក្នុងបទបង្ហាញរបស់លោកឧកញ៉ាផងដែរ។  លោកបានមានប្រសាសន៍ថា នៅឆ្នាំ ២០២០ អេមរុរ៉ាយស៍ បានសហការជាមួយអង្គការអុកស្វាម (OXFAM) និងក្រុមហ៊ុនហូឡង់មួយ ដើម្បីដំណើរការគម្រោង Block Chain នេះ ដែលជាការផ្សារភ្ជាប់កសិករទៅនឹងអ្នកប្រើប្រាស់ដោយផ្ទាល់ នៅក្នុងតម្លាភាព សុចរិតភាព និងភាពងាយស្រួល។ អេមរុរ៉ាយស៍រីករាយក្នុងការធ្វើអាជីវកម្មបែបគំរូមួយនេះ ហើយជឿជាក់ថា នឹងមានការចូលរួមកាន់តែច្រើនពីកសិករ។

“ក្នុងគំរូនៃការធ្វើអាជីវកម្មនេះ អេមរុ បានធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករក្នុងបរិបទមួយដែលកសិករទទួលបានចំណូលបន្ថែម ពីអង្ករសរីរាង្គច្រើនជាងអង្ករធម្មតា ហើយសមត្ថភាពនិងផលិតភាពរបស់កសិករក៏ត្រូវបានធ្វើឱ្យប្រសើរផងដែរ (ប្រហែល ២០% ទៅ ៣០%) ។ ដូច្នេះសរុបទៅកសិករទទួលបានអត្ថប្រយោជន៍ប្រហែល ៥០ ភាគរយច្រើនជាងការអនុវត្តធម្មតា។ ដូចគ្នានេះ គម្រោងស្រូវសរីរាង្គនេះ ក៏បានជួបកាត់បន្ថយថ្លៃដើម និងបង្កើនផលិតភាពផងដែរ។”

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍

នៅក្នុងការបង្ហាញអំពីជីវៈប្រវត្តិសង្ខេបរបស់វាគ្មិន នៅលើគេហទំព័រនៃកិច្ចប្រជុំកំពូលរបស់អាស៊ានលើកទីបី ស្តីពីធុរកិច្ចរួមបញ្ចូលនេះ បានបង្ហាញអំពី លោកឧកញ៉ា សុង សារ៉ន នាយកប្រតិបត្តិនៃក្រុមហ៊ុន អេមរុរ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានធ្វើការនាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសចំនួន ៤០ នៅទូទាំងពិភពលោកជាង ៣២០ ០០០ តោនចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៩ ។ ទីផ្សារពិសេស ដែលជាអង្ករសរីរាង្គ និងអង្ករប្រកបដោយនិរន្តរភាព ជាលទ្ធផលនាំឱ្យមានកិច្ចសន្យាកសិកម្មជាមួយសហគមន៍ចំនួន៦៦ ក្រោមការសហការជាមួយកសិករ ១០.០០០ នាក់។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣ ស្តីពីធុរកិច្ចរួមបញ្ចូលនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (ESCAP) ដោយសហការជាមួយបណ្តាញសកម្មភាពអាជីវកម្មរួមបញ្ចូល (iBAN) និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។ នេះគឺជាព្រឹត្តិការណ៍តាមអនឡាញ ដើម្បីចែករំលែកបទពិសោធន៍ ក្នុងការជំរុញអាជីវកម្មដែលមានការរួមបញ្ចូលគ្នា ហើយជាការបង្ហាញពីគោលការណ៍ណែនាំ សម្រាប់ការជំរុញអាជីវកម្មដែលមានបញ្ចូលនៅក្នុងអាស៊ាន។ កិច្ចប្រជុំកំពូលនេះ ក៏បានកំណត់ និងស្វែងរកភាពជាដៃគូដែលអាចជួយឆ្លើយតបនឹងការស្តារឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩។

ព័ត៌មានលម្អិតអំពីកិច្ចប្រជុំកំពូលអា៊សានលើកទី៣ នេះ សូមចូលទៅគេហទំព័រ: https://www.aseanibsummit2020.com/

Leave a Reply

Your email address will not be published.

You may use these <abbr title="HyperText Markup Language">HTML</abbr> tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>